ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌលគោក បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែមិនអនុញ្ញាតឲ្យអាជីវករលក់ដូរ តាមបណ្ដោយផ្លូវលេខ២៣០ ដែលកន្លងមកអាជីវករលក់ដូរបន្លែផ្លែឈើ បានតាំងលក់លើផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងទុកដាក់សំរាមមិនបាន ត្រឹមត្រូវហូរចូលមាត់លូ បង្កមានការកក់ស្ទះ និងជនលេចពេលមានភ្លៀងម្ដងៗ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៣ ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក ចាត់ឲ្យលោកអភិបាលរងទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបាញ់ទឹកលាងសម្អាតនិងចងខ្សែ មិនអនុញ្ញាតឲ្យអាជីវករលក់ដូរបន្លែផ្លែឈើបន្តលក់នៅលើផ្លូវ ២៣០ នេះបន្តទៀតឡើយ។
លោក ស៊ឹម សុផង់ អភិបាលរង ទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៃអភិបាលខណ្ឌទួលគោក បានឲ្យBTV ដឹងថា កន្លងមកអាជីវករលក់ដូរទៅតាមបណ្ដោយផ្លូវលេខ ២៣០ នេះបានតាំងលក់លើទ្រូងផ្លូវបង្ករឲ្យមានការកកស្ទះ ចរាចរណ៍ និងជាពិសេសនោះ អ្នកលក់បន្លែផ្លែឈើ មិនបានវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវបណ្ដាលឲ្យហូរ សំរាមទាំងនោះចូលមាត់លូ កកស្ទះប្រព័ន្ធទឹកហូរចូលលូ និងមានការជនលេចពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗនៅចំណុចផ្លូវ ២៣០ កែងនឹងមហាវិថីម៉ៅសេទុងនេះ។
លោកអភិបាលរង បានបន្ថែមថា ការលក់ដូរតាមបណ្ដោយផ្លូវលេខ ២៣០ នេះពេលថ្ងៃគឺដាច់ខាតមិនអនុញ្ញាតឲ្យអាជីវករលក់បន្លែផ្លែឈើបន្តទៀតឡើយ។ដោយឡែកពេលយប់គឺអនុញ្ញាតឲ្យលក់ជាបណ្ដោះអាសន្ន ក៏ប៉ុន្តែមិនឲ្យតាំងលក់លើទ្រង់ផ្លូវនោះទេ ដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរ នឹងធ្វើយ៉ាងណាពេលព្រឹកព្រលឹមម៉ោង ៦កន្លះទៅម៉ោង៧ ព្រឹក បរិស្ថានអនាម័យត្រូវតែស្អាត។
ជាចុងក្រោយ លោកអភិបាលរង បានសង្កត់ធ្ងន់ថា ក្រោយមានការបាញ់ទឹកលាងសម្អាត និងចងខ្សែមិនអនុញ្ញាតឲ្យអាជីវករលក់បន្លែផ្លែឈើនោះ អាជ្ញាធរនិងបានដាក់កម្លាំងសណ្ដាប់ធ្នាប់ប្រចាំការក្នុងករណីអាជីវករនៅតែមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ នៅតែរំលោភបំពានតាំងលក់ ឬកាត់ខ្សែ អាជ្ញាធរវិធានអនុវត្តរដ្ឋបាល និងចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ









