កីឡាករវាយកូនគោលស៊ុយអែត Vincent Norrman បានគ្រងជើងឯកការប្រកួតកម្មវិធី Irish Open ខណៈកីឡាករម្ចាស់ផ្ទះ Rory McIlroy មិនមានសំណាងឡើយ។
កីឡាករលំដាប់លេខ ២ Rory McIlroy ស្ថិតក្នុងចំណោមកីឡាករមួយចំនួនទៀតដែលមិនមានសំណាងក្នុងថ្ងៃចុងក្រោយពោលគឺ McIlroy ដែលនាំមុខគេ ១៣ អាន់ឌើផាមុនចាប់ផ្តើមថ្ងៃចុងក្រោយនោះ វាយចូលទឹក ៤ លើក និងបញ្ចប់ការប្រកួតជាមួយនឹង ៩ អាន់ឌើផា។

ចំណែកឯកីឡាករវ័យ ២៥ ឆ្នាំ Vincent Norrman តាមពីក្រោយ ៦ ស្រ្តូក ដើម្បីគ្រងជើងឯកតាមរយៈការធ្វើបាន ៧ Birdies ក្នុង ១២ ឡូនៃថ្ងៃចុងក្រោយដើម្បីបញ្ចប់ការប្រកួតជាមួយនឹង ១៤ អាន់ឌើផា ឈ្នះអ្នកលេខ ២ កីឡាករអាល្លឺម៉ង់ Hurly Long ១ ស្រ្តូក និងលេខ ៣ កីឡាករស្កុតឡេន Grant Forrest មាន ១២ អាន់ឌើផា។

Irish Open ដែលមានកញ្ចប់ប្រាក់រង្វាន់ ៦ លានដុល្លារអាមេរិក Vincent Norrman ក្នុងនាមជាជើងឯកទទួលបានប្រាក់រង្វាន់ ១.០២ លានដុល្លារ។
ងាកមកការប្រកួតផ្នែកនារីក្របខណ្ឌ LPGA Tour កម្មវិធី Kroger Queen City Championship ដែលរៀបចំនៅ Cincinnati សហរដ្ឋអាមេរិក កីឡាការិនីអូស្រ្តាលី Minjee Lee បានក្លាយជាជើងឯកតាមរយៈជ័យជំនះនៅវគ្គ Play-Off បន្ថែមឡូកាត់សេចក្តីលើកីឡាការិនីអង់គ្លេស Charley Hull។
Minjee Lee និង Charley Hull បានបញ្ចប់ការប្រកួតថ្ងៃចុងក្រោយជាមួយនឹង ១៦ អាន់ឌើផាដូចគ្នា មុនពេលដែល Minjee Lee យកឈ្នះនៅវគ្គ Play-Off ដើម្បីគ្រងជើងឯកនៅក្នុងក្របខណ្ឌ LPGA Tour លើកដំបូងរាប់ពីឆ្នាំ ២០២២ ដែលនាងឈ្នះកម្មវិធី US Open៕ អត្ថបទ៖នាង សុភាវុធ

