ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ថាប្លុក G20 ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិជាជាងបញ្ហានយោបាយ មិនមែនជាកន្លែងសម្រាប់រំពឹងថា នឹងមានការរីកចម្រើនផ្នែកការទូតលើសង្រ្គាមនៅអ៊ុយក្រែននោះទេ ហើយលោកក៏បានបន្ថែមថា សេចក្តីប្រកាសរបស់មេដឹកនាំ G20 នៅក្នុងកិច្ចប្រជុំចុងសប្តាហ៍របស់ខ្លួន មិនមែនជាជ័យជម្នះផ្នែកការទូតសម្រាប់រុស្ស៊ី ដែលស្ថិតក្នុងភាពឯកោពីកិច្ចប្រជុំកំពូលនោះទេ។

សេចក្តីប្រកាសដែលបានអនុម័តកាលពីថ្ងៃសៅរ៍ (៩ កញ្ញា) បានបញ្ចៀសការថ្កោលទោសរុស្ស៊ី ចំពោះជម្លោះនៅអ៊ុយក្រែន ប៉ុន្តែបានគូសបញ្ជាក់ពីភាពឈឺចាប់របស់មនុស្សជាតិ ដែលបណ្ដាលមកពីអំពើហិង្សានោះ ហើយបានអំពាវនាវឱ្យរដ្ឋទាំងអស់ កុំប្រើកម្លាំងដើម្បីដណ្តើមយកទឹកដី។
លោក Macron បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលថា « កិច្ចប្រជុំ G20 នេះបានបញ្ជាក់ជាថ្មីម្តងទៀតពីភាពឯកោរបស់រុស្ស៊ី។ កាលពីម្សិលមិញ និងថ្ងៃនេះ សមាជិក G20 ដ៏ច្រើនលើសលប់ បានថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់របស់សង្រ្គាមនេះផងដែរ»៕
