ព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ី ITF Asian 14U Junior Championships ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីចុងសប្ដាហ៍កន្លងទៅ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ រហូតទទួលបានការកោតសរសើរពីសំណាក់ប្រតិភូកីឡា នៃបណ្ដាប្រទេសចូលរួមទៀតផង ។
លោក ទេព រិទ្ធី អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ីនេះ មានសុទ្ធតែកីឡាករ-កីឡាការិនីឆ្នើមៗចូលរួមសរុប ៤៦នាក់ ដែលត្រូវបានចម្រាញ់ឲ្យសហព័ន្ធកីឡាវាយកូនបាល់ទាត់អាស៊ី ក្នុងនោះកម្ពុជា ក៏ទទួលបានសិទ្ធពិសេស ក្នុងនាមម្ចាស់ផ្ទះ ដោយដាក់សមាសភាពកីឡាករ ២រូបចូលរួមប្រកួតផងដែរ ។

លោកថា ទោះបីការចូលរួមរបស់កីឡាករកម្ពុជា ពុំទទួលបានមេដាយ តែលោករីករាយ ជាមួយភារកិច្ចនៃការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ រហូតទទួលបានការកោតសរសើរពីបណ្តាប្រទេសចូលរួមថា ការរៀបចំមានលក្ខណៈស្តង់ដារ និងការទទួលបដិសណ្ឋាកិច្ចល្អចំពោះភ្ញៀវយ៉ាងកក់ក្ដៅ ។ នេះគឺជាមុខមាត់មួយ សម្រាប់សហព័ន្ធ ហើយក៏ជាទំនុកចិត្ត ដើម្បីកម្ពុជា ក្នុងការមានឱកាសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ទៀត ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា ព្រឹត្តិការណ៍នេះ ប្រមូលផ្ដុំដោយកីឡាករ-កីឡាការិនីខ្លាំងៗ នៅក្នុងទ្វីបអាស៊ី ។ ដូច្នេះនេះគឺជាឱកាសនៃការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេសពីការប្រកួតកម្រិតអន្តរជាតិដល់យុវជនបន្តវេនកម្ពុជា អភិវឌ្ឍខ្លួនក្លាយជាកីឡាករវាយកូនបាល់មានសក្តានុពលប្រចាំទ្វីអាស៊ីនាថ្ងៃអនាគត ពិសេសសម្រាប់យុវជនអាយុក្រោម ១៤ឆ្នាំ ដើម្បីត្រៀមការប្រកួតប្រជែងកីឡាយុវជនអាស៊ី លើកទី៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ី ITF Asian 14U Junior Championships ឆ្នាំ២០២៣ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ចំពោះលទ្ធផលបច្ចេកទេសលើវិញ្ញាសាទាំង ៤ សម្រាប់វិញ្ញាសាប្រកួតឯកក្តជននារី មេដាយមាស បានទៅកីឡាការិនីកូរ៉េ Yeri Hong ។ វិញ្ញាសាប្រកួតវាយគូ នារី មេដាយមាស បានទៅក្រុមកីឡាការិនីឥណ្ឌូនេស៊ី ។ វិញ្ញាសាប្រកួតឯកក្តជនបុរស មេដាយមាស បានទៅកីឡាករហុងកុង Sin Hang Tam និងវិញ្ញសាប្រកួតវាយគូបុរស មេដាយមាស បានទៅក្រុមកីឡាករមកពីហុងកុងដូចគ្នា ៕ អត្ថបទ លី ឈុនឡា




