នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ខែកញ្ញា) ថា ប្រទេសរបស់លោក នឹងបន្តដាក់សម្ពាធដល់ប្រទេសចិន ឱ្យបញ្ចប់ការហាមឃាត់របស់ខ្លួនលើការនាំចូលផលិតផលអាហារសមុទ្រជប៉ុន ដោយប្រើវេទិកាច្បាប់ដូចជាអង្គការពាណិជ្ជកម្មពិភពលោក។

ប្រទេសចិនបានដាក់បម្រាមនេះ បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ចូលសមុទ្រកាលពីខែមុន។ ជប៉ុននិយាយថា ទឹកដែលបង្ហូរនោះគឺមានសុវត្ថិភាព ខណៈចិននិយាយថា វាជាសំណល់ទឹកគ្រោះថ្នាក់។
លោក Kishida ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ថា លោកគ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅព្រឹកថ្ងៃពុធ (១៣ ខែកញ្ញា) ខាងមុខនេះផងដែរ៕

