ទីបំផុតការប៉ុនប៉ងចង់ឈ្នះពាន Grand Slam ឱ្យតាមស្មើកំណត់ត្រារបស់អតីតកីឡាការិនី Margaret Court របស់ Novak Djokovic បានសម្រេចហើយ ក្រោយយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev នៅវគ្គផ្តាច់ព្រ័ត្រ US Openនៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
កីឡាករវ័យ ៣៦ ឆ្នាំសញ្ជាតិស៊ែបរូបនេះឈ្នះដោយលទ្ធផលមិនតានតឹងពេកទេ ៣ សិតផ្ទួនៗ ៦-៣ ៧-៦(៧-៥) និង ៦-៣ តែនៅក្នុងសិតទី ២ នោះត្រូវចំណាយពេលដល់ទៅ ១ ម៉ោង ៤៤ នាទី។

ថ្វីបើឈានដល់វ័យ ៣៦ ឆ្នាំក្តី Novak Djokovic ហាក់មិនបានបង្ហាញពីការធ្លាក់ចុះសមត្ថភាពរាងកាយរបស់ខ្លួនឡើយ បន្ទាប់ពីឆ្នាំ ២០២៣ នេះគេបានឈ្នះជើងឯក Grand Slam សរុប ៣ ក្នុងចំណោម ៤ លើក។
Djokovic បានបំបែកកំណត់ត្រារបស់ Rafael Nadal ដែលឈ្នះជើងឯកសរុប ២២ Grand Slam តាមរយៈការឈ្នះជើងឯក Australian Open កាលពីដើមឆ្នាំ។
Djokovic នឹងមិនទាន់គិតពីការចាកចេញពីអាជីពកីឡាករវាយកូនបាល់ឡើយ ស្របពេលបេសកកម្មបន្តគឺការបំបែកកំណត់ត្រារបស់អតីតកីឡាការិនីរុស្ស៊ី Margaret Court តែម្តង នៅពេលចូលរួមការប្រកួត Australian Open នៅខែមករាដើមឆ្នាំ ២០២៤ ខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

