បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ បានស្នើដល់ម្ចាស់ជំនួយកុំកាត់បន្ថយការផ្តល់មូលនិធិរបស់ពួកគេ ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែលហែកហួរដោយសង្រ្គាមនេះ កំពុងកើនឡើង។

ការសម្រេចចិត្តរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ( Bashar Assad) កាលពីខែមុន ក្នុងការបង្កើនប្រាក់ឈ្នួល និងប្រាក់សោធនក្នុងវិស័យសាធារណៈទ្វេរដង បានធ្វើឲ្យអតិផរណាកើនឡើងខ្ពស់ និងជំរុញឲ្យមានការតវ៉ាជាបន្តបន្ទាប់ ដែលធ្វើឲ្យរង្គោះរង្គើដល់ខេត្តស្វេដា ( Sweida) ភាគខាងត្បូងដែលភាគច្រើននិកាយDruze និងខេត្តដារ៉ា( Daraa) ដែលនៅជិតនោះ។
ពីដំបូងឡើយ ដោយត្រូវបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅឡើង អ្នកស្រុកដ៏ច្រើនដែលមានកំហឹង បានចាប់ផ្តើមអំពាវនាវធ្វើយ៉ាងណាឲ្យលោកអាសាដដួលរលំ ដែលស្រដៀងទៅនឹងការបះបោររបស់ប្រទេសនេះក្នុងឆ្នាំ២០១១ដែលបានប្រែក្លាយទៅជាសង្រ្គាមស៊ីវិលទាំងស្រុង។
អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ៩០ភាគរយនៃប្រជាជនស៊ីរី នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល រស់នៅក្នុងភាពក្រីក្រ ហើយប្រជាជនជាងពាក់កណ្តាលរបស់ប្រទេសនេះ កំពុងតស៊ូដើម្បីមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។
