ភ្នំពេញ៖ ជនសង្ស័យជាជនជាតិថៃចំនួន០៤នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធ អនឡាយ រហូតក្លាយជាដើមចម ដែលបង្កឱ្យមានជាអំពើឃាតកម្មសម្លាប់មួយគ្រួសារ នៅក្នុងទឹកដីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវ នឹងឈានដល់ឃាត់ខ្លួនបាន នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចង្អុលដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលសន្តិសុខ អនុញ្ញាតឱ្យកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីនគរបាលភូមិន្ទប្រទេសថៃផងដែរ ។
ក្នុងប្រតិបត្តិការស្រាវជ្រាវក្នុងរយៈពេល១សប្តាហ៍ ពោលគិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃប្រទេសទាំងពីរ បានស្វែងរកឃើញ និងធ្វើការបង្ក្រាបបានជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្សពួកមួយចំនួនផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មួយគ្រួសារ ដែលកំពុងសំងំលាក់ខ្លួនក្នុងខេត្តបន្ទាយមានជ័យ ។
ក្រោយការចាប់ឃាត់ខ្លួនបាន ជនសង្ស័យទាំង០៤នាក់ ត្រូវបានបំពេញសំណុំបែបបទប្រគល់ជូនសមត្ថកិច្ចភូមិន្ទថៃ ដើម្បីយកទៅបន្តនីតិវិធីច្បាប់ ក្នុងប្រទេសរបស់ខ្លួនវិញ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មានអំពើឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងខេត្តសាមុតប្រកាន ប្រទេសថៃ ដោយបុរសជាប្តី និងជាឪពុក ឈ្មោះសានីត ដកម៉ៃ វ័យ៤១ឆ្នាំ បានសម្លាប់ស្ត្រីជាប្រពន្ធ និងកូនរបស់ខ្លួនចំនួន០២នាក់ទៀត បណ្តាលឱ្យស្លាប់ ហើយរូបគេព្យាយាមសម្លាប់ខ្លួនឯងតាមក្រោយ តែមិនសម្រេច បណ្តាលឱ្យរងរបួសធ្ងន់ ។
ផ្អែកតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រទេសថៃ បានឱ្យដឹងថា ដំបូងឡើយបុរសជាឃាតករ បានធានាឈ្មោះជួយខ្ជីលុយឱ្យមិត្តភក្តិរបស់ខ្លួនប្រមាណ ១១៤០០ដុល្លារ ប៉ុន្តែក្រោយមកមិត្តភក្តិរបស់ខ្លួនបានរត់គេចខ្លួនបាត់ ធ្វើឱ្យរូបគេជាអ្នករ៉ាប់រងបំណុល ដែលបានធ្វើឱ្យរូបគេពិបាកចិត្តជាខ្លាំង ។ ដោយស្ត្រីជាប្រពន្ធបានដឹងរឿងរ៉ាវ និងឃើញប្តីពិបាកចិត្តផងនោះ ក៏បានទៅរកសេវាកម្ចីអនឡាយ ហើយក៏ត្រូវបានចាញ់បោកក្រុមកម្ចី រហូតឈានដល់ជំពាក់បំណុលខាងក្រុមកម្ចីអនឡាញប្រមាណ ៤៨០០០ ដុល្លារបន្ថែមទៀត។ ដោយសារកត្តាចាញ់បោកខាងកម្ចីអនឡាយ រហូតកើតសាច់ប្រាក់ជំពាក់គេកាន់តែច្រើនរហូតវ័ន្តករនេះហើយ ទើបធ្វើឱ្យបុរសជាប្តីកើតមានសម្ពាធផ្លូវចិត្តខ្លាំង ក៏សម្រេចចិត្តសម្លាប់ផ្តាច់ជីវិតក្រុមគ្រួសារទាំងអស់តែម្តង៕ ដោយ ៖ ម៉ម លីហេង




