អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យរបបសឹកមីយ៉ាន់ម៉ា ដោះលែងអ្នកទោសអ្នកនយោបាយ អំឡុងអនុសាសន៍បើកកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ។

លោក Guterres នៅតែព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្ស មនុស្សធម៌ និងនយោបាយកាន់តែធ្ងន់ធ្ងរទៅនៅសហភាពមីយ៉ាន់ម៉ា ដែលជាប្រទេសញាំញីដោយសារសង្រ្គាម ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Guterres បានលើកឡើងផងដែរពីក្តីកង្វល់ថាពិភពលោក នឹងប្រឈមនឹងការបែកខ្ញែកប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួន ។
ពាក់ព័ន្ធនឹងភាពតានតឹងភូមិសាស្រ្តនយោបាយ ការអភិវឌ្ឍន៍ហិរញ្ញវត្ថុពហុភាគី និងបម្រែបម្រួលអាកាសធាតុ លោកបានអំពាវនាវឲ្យក្រុមមេដឹកនាំពិភពលោក ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងរួមបញ្ចូល សម្រាប់ការងារលំបាកដែលពិភពលោកកំពុងប្រឈម ។
លោកថា សព្វថ្ងៃនេះ ភាពតានតឹងនៅតែខ្ពស់ ចាប់ពីឧបទ្វីបកូរ៉េ រហូតដល់សមុទ្រចិនខាងត្បូង ។ លោកមានការដឹងគុណចំពោះរដ្ឋសមាជិកអាស៊ាន សម្រាប់ការស្វែងរកការជជែកដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិលើច្បាប់សមុទ្រ ៕
