នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃអាទិត្យថា មាននូវទំនាក់ទំនងរបស់អ៊ីតាលីជាមួយចិន សំខាន់ជាងគម្រោងផ្លូវមួយ-ក្រវ៉ាត់មួយ(BRI) ដោយលោកស្រីបន្តថា ការសម្រេចចិត្តផ្តាច់ព្រ័ត្រថាតើអ៊ីតាលីត្រូវចាកចេញពីគម្រោងមួយនេះ នឹងត្រូវធ្វើឡើង ។

លោកស្រី Meloni បានជួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង)កាលពីថ្ងៃសៅរ៍ នៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20 ដែលរៀបចំឡើងនៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ហើយលោកស្រីបានចាត់ទុកជំនួបមួយនេះថា មានលក្ខណៈស្ថាបនា និងប្រកបដោយការគួរសម ។
សារព័ត៌មានអ៊ីតាលី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ៊ីតាលីនឹងដើរចេញពីគម្រោង BRI ហើយផ្ទុយទៅវិញ ពួកគេនឹងព្យាយាមស្រោចស្រង់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយចិន ដោយមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលពួកគេបានចុះហត្ថលេខាលើកដំបូងកាលពីឆ្នាំ ២០០៤ ។
អ៊ីតាលី គឺជាប្រទេសមួយគត់នៅក្នុងចំណោមក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7ដែលបានចុះហត្ថលេខាលើគម្រោង BRI គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសកល យកគំរូតាមគម្រោងផ្លូវសូត្រចាស់ តភ្ជាប់ចិន និងលោកខាងលិច ។
ប្រទេសអ៊ីតាលី នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅឆ្នាំក្រោយ ហើយការផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយទីក្រុងប៉េកាំង នឹងធ្វើឲ្យថមថយទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលមានការព្រួយបារម្ភពីឥទ្ធិពលរបស់ចិន ស្របពេលដែលកាត់បន្ថយហានិភ័យប្រតិកម្មពីចិន ៕
