សីតុណ្ហភាព ៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ទឹកជំនន់នៅជុំវិញពិភពលោកក្នុងសប្តាហ៍មុន បន្ទាប់ពីរដូវកាលនៃរលកកម្ដៅដ៏ខ្លាំងក្លា បានធ្វើឲ្យស្ថានភាពនៅជុំវិញពិភពលោកកាន់តែអាក្រក់ទៅៗ ដោយសីតុណ្ហភាពដ៏ខ្ពស់ដែលដុតកម្ដៅផ្ទៃដី ធ្វើឱ្យវាកាន់តែមិនអាចស្រូបយកទឹកបាន ខណៈរលកកម្ដៅនៅតែបន្តវាយលុកប្រទេសមួយចំនួននៅក្នុងពិភពលោក។
បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ទីក្រុងហុងកុង កាលពីថ្ងៃសុក្រ (១១ កញ្ញា) ត្រូវបានរងការវាយប្រហារដោយសារភ្លៀង ដែលទាក់ទងនឹងព្យុះទីហ្វុង Saola បណ្ដាលឲ្យស្ថានីយ៍រថភ្លើងក្រោមដីត្រូវលិចទឹក និងរថយន្តជាប់គាំង ខណៈសាលារៀន និងផ្សារហ៊ុនត្រូវរងផលប៉ះពាល់។
ក្រុមមន្ត្រីបាននិយាយថា នៅក្នុងប្រទេសជប៉ុន ព្យុះត្រូពិច Yun-yeung ( យុន យ៉ាំង) បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងបំផុត ទៅកាន់តំបន់ភាគខាងកើតមួយចំនួន ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមក។ ក្នុងអំឡុងសប្តាហ៍នេះ ព្យុះ Daniel បានវាយលុកផ្នែកខ្លះនៃអឺរ៉ុបភាគខាងត្បូង និងតំបន់មេឌីទែរ៉ាណេ ដោយទឹកជំនន់បានបោកបក់ពាសពេញភាគកណ្តាលប្រទេសក្រិក។
លើសពីនេះទៅទៀត ភ្លៀងធ្លាក់ខ្លាំងពីអតីតព្យុះទីហ្វុង Haikui ដែលឥឡូវនេះក្លាយជាព្យុះត្រូពិច បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន រយៈពេលប្រាំពីរថ្ងៃជាប់គ្នា។ ជាមួយគ្នានោះដែរ នៅប្រទេសអេស្ប៉ាញ កម្រិតភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារប្រទេសនេះក្នុងរយៈពេលខ្លី ខណៈប្រទេសអង់គ្លេសបានកត់ត្រាថ្ងៃក្តៅបំផុតក្នុងឆ្នាំមកទល់ពេលនេះ កាលពីថ្ងៃសៅរ៍ផងដែរ៕

