បារាំង ៖ លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) កំពុងស្ថិតនៅក្នុងប្រទេសបង់ក្លាដែសនៅពីថ្ងៃចន្ទនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី «ពង្រឹង» យុទ្ធសាស្ត្ររបស់បារំាងនៅឥណ្ឌូ-ប៉ាស៊ីហ្វិក និងទប់ទល់នឹង«ចក្រពត្តិនិយមថ្មី» នៅក្នុងតំបន់ដែលឥទ្ធិពលរបស់ប្រទេសចិន កំពុងត្រូវបានពង្រីកកាន់តែខ្លាំងឡើង។
លោកម៉ាក្រុង បានថ្លែងប្រាប់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ដោយថ្លែងជាភាសាអង់គ្លេសថា៖«ដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងតំបន់ដែលប្រឈមមុខនឹងចក្រពត្តិនិយមថ្មី យើងចង់ស្នើវិធីទីបី ដោយពុំមានចេតនាគំរាមកំហែងដៃគូរបស់យើង ឬនាំពួកគេទៅរកគម្រោងដែលមិនមាននិរន្តរភាព»។
សហរដ្ឋអាមេរិក និងចិនកំពុងប្រកួតប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់ដ៏ធំទូលាយ ហើយលោក ម៉ាក្រុង បានជំរុញឲ្យប្រទេសបារាំង ផ្តល់ជម្រើសមួយ។
លោកម៉ាក្រុង បាននិយាយបន្ទាប់ពីលោកបានទៅដល់រដ្ឋធានី Dhaka កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចប្រជុំកំពូលមេដឹកនាំG20 នៅប្រទេសឥណ្ឌាជិតខាង បានបញ្ចប់ថា៖«ប្រទេសបង់ក្លាដែស កំពុងខិតខំស្វះស្វែងតំណែងរបស់ខ្លួន នៅលើឆាកពិភពលោក»។
