
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសពីការរកឃើញពលរដ្ឋរហូតដល់ ៧៤នាក់ បានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាកម្មករកម្មការិនីនៅរោងចក្រមួយស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅឯក្រុងបាវិត។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កម្មករ ២៩នាក់ និងកម្មការិនីចំនួន ២៩នាក់ ដែលបម្រើការនៅរោចងក្រ A&J ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ។ រោងចក្រ A&J ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ នៅក្នុងក្រុងបាវិត។
ក្រៅពីកម្មករកម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង ក៏បានរកឃើញប្រជាពលរដ្ឋ ១៦នាក់ផ្សេងទៀត ឆ្លងមេរោគកូវីដ-១៩ផងដែរ។
បើសេចក្ដីជូនដំណឹង អាជ្ញាធរខេត្តស្វាយរៀង បានរកឃើញករណីឆ្លងថ្មីកើតលើពលរដ្ឋនៅស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុកស្វាយជ្រំ និងស្រុករមាសហែក។
អាជ្ញាធរខេត្តនេះ ក៏បានរកឃើញមនុស្សជាច្រើននាក់ទៀតបានប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ទាំងនេះផងដែរ។
គិតត្រឹមថ្ងៃនេះ ខេត្តស្វាយរៀងរកឃើញមនុស្សសរុប ៦៥៧នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ មានពលរដ្ឋ ៥នាក់បានស្លាប់ អ្នកជំងឺកូវីដ-១៩ចំនួន ៣៦៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺចំនួន ២៨២នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕