សូម៉ាលី ៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិយូនីសេហ្វ (UNICEF) បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងចំនួនស្លាប់ និងរងរបួសធ្ងន់ធ្ងរនៃកុមារ ដែលពាក់ព័ន្ធនឹងការផ្ទុះគ្រាប់មីន ដែលបានឆក់យកជីវិតយ៉ាងហោចណាស់ ៣០នាក់ គិតចាប់តាំងពីខែមិថុនា នៅក្នុងប្រទេសសូម៉ាលី។
លោក Nejmudin Kedir Bilal តំណាងបណ្ដោះអាសន្នរបស់យូនីសេហ្វ នៅប្រទេសសូម៉ាលី បាននិយាយថា កុមារជាច្រើននាក់បានរងគ្រោះនៅក្នុងហេតុការណ៍ចំនួន ៣ដាច់ដោយឡែកពីគ្នា ដែលពាក់ព័ន្ធនឹងការបញ្ចេញអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Bilal បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅទីក្រុង Mogadishu រដ្ឋធានីរបស់នៃប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសៅរ៍ (ទី៩ ខែកញ្ញា) ថា៖ «នៅទូទាំងប្រទេស យ៉ាងហោចណាស់កុមារ ៤នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ ហើយកុមារ ៥នាក់ រងរបួស ដែលគំរាមកំហែងដល់អាយុជីវិត បន្ទាប់ពីបានលេងគ្រឿងផ្ទុះ ដែលសល់ពីសង្រ្គាម»។
អង្គការយូនីសេហ្វ បានអំពាវនាវឲ្យភាគីជម្លោះទាំងអស់ នៅប្រទេសសូម៉ាលី រៀបចំផែនទីហានិភ័យជាប្រចាំ ដោយទទួលខុសត្រូវដោះស្រាយអាវុធជាតិផ្ទុះ ដែលសល់ពីសង្គ្រាម ដោយប្រុងប្រយ័ត្ន និងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកំពុងមាន។
សូមបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនស៊ីវិលសូម៉ាលីជាង ១.២០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស ក្នុងឆ្នាំ២០២២ ដោយសារតែអាវុធជាតិផ្ទុះ ក្នុងនោះរួមទាំងអាវុធយុទ្ធភណ្ឌសល់ពីសង្គ្រាម គ្រាប់មីន និងគ្រឿងផ្ទុះ ដែលច្នៃប្រឌិតដោយដៃផងដែរ៕

