អូស្ត្រាលី ៖ ការស្ទង់មតិមួយ នៅថ្ងៃចន្ទ (ទី១១ ខែកញ្ញា) នេះ បានបង្ហាញថា ការគាំទ្រដល់ការដាក់បញ្ចូលក្រុមប្រឹក្សាជនជាតិដើមភាគតិចទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះបន្ថែមទៀត ដោយធ្វើឲ្យសំណើច្បាប់ដ៏សំខាន់នេះ ស្ថិតនៅផ្លូវនៃបរាជ័យ នៅមុនការបោះឆ្នោតជាតិ នាខែក្រោយ។
ការស្ទង់មតិ ដែលធ្វើឡើងដោយសារព័ត៌មាន Sydney Morning Herald បានបង្ហាញថា អ្នកបោះឆ្នោតបានប្រឆាំងជំទាស់នឹង «ការផ្ញើសំឡេងទៅកាន់សភា» សម្រាប់ខែទី៥ ជាប់ៗគ្នា ខណៈដែលរដ្ឋាភិបាលកំពុងប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ដែលនៅមានការសង្ស័យ និងមិនទាន់ដាច់ស្រេចក្នុងចិត្តឲ្យបោះឆ្នោត ទទួលយកសំណើនេះ។
ប្រជាជនអូស្ត្រាលី នឹងបោះឆ្នោតក្នុងការបោះឆ្នោតប្រជាមតិ នៅថ្ងៃទី១៤ ខែតុលា នៅពេលដែលពួកគេនឹងត្រូវបានឲ្យផ្ដល់ចម្លើយថា តើពួកគេគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីផ្តល់ការប្រឹក្សាដល់សភាសហព័ន្ធដែរ ឬទេ។
ការបោះឆ្នោតប្រជាមតិ ទាមទារសំឡេងគាំទ្រជាតិភាគច្រើន ព្រមទាំងសំឡេងភាគច្រើន នៅក្នុងរដ្ឋយ៉ាងតិច៤ ក្នុងចំណោមរដ្ឋទាំង៦ ដើម្បីកែប្រែរដ្ឋធម្មនុញ្ញនេះ។ ក៏ប៉ុន្តែការស្ទង់មតិនេះ បានបង្ហាញថា មានតែរដ្ឋកោះ Tasmania ប៉ុណ្ណោះ ដែលគាំទ្រដល់ការផ្ញើសំឡេងទៅកាន់សភា។
ការគាំទ្រ បានធ្លាក់មកនៅ ៤៣ភាគរយ នៅក្នុងការស្ទង់មតិចុងក្រោយនេះ គឺធ្លាក់ចុះពី ៤៦ភាគរយ ក្នុងខែសីហា ដោយអ្នកបោះឆ្នោតនៅរដ្ឋ New South Wales និង Victoria ពោលគឺជារដ្ឋ ដែលមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលីនោះ ផ្លាស់ប្តូរគោលជំហរប្រឆាំងនឹងសំណើនេះ។ ហើយការបោះឆ្នោត «មិនយល់ព្រម» គឺច្រើនបំផុត នៅរដ្ឋ Queensland និង Western Australia ដោយចំនួន ៦១ភាគរយ ត្រៀមបដិសេធការផ្ញើសំឡេងទៅកាន់សភានេះ៕

