ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងជំរុញឲ្យក្រុមហ៊ុន សហគ្រាសដែលមិនទាន់ចុះបញ្ជី មកចុះបញ្ជីឱ្យបានត្រឹមត្រូវ និងព្រមានចាត់វិធានការចំពោះក្រុមហ៊ុន សហគ្រាស ដែលប្រមូលអាករតម្លៃបន្ថែមពីអតិថិជនរួច ហើយមិនបង់ចំណូលទាំងនោះចូលថវិការដ្ឋ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ជុំវិញការរៀបចំព្រឹត្តិការណ៍ចាប់ឆ្នោតផ្សងសំណាងនេះ អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមមួយលើករួចហើយ ចំណែកលើកទីពីរនេះ, អគ្គនាយកដ្ឋានពន្ធដារនឹងគ្រោងរៀបចំនៅចុងខែ កញ្ញា នេះ ខណៈមកដល់ពេលនេះ មានប្រជាពលរដ្ឋបានចូលរួមដាក់វិក្កយបត្រផ្សងសំណាងជាច្រើន។
ឯកឧត្តម បន្តថា ជុំវិញការរៀបចំវិក្កយបត្រនេះ អគ្គនាយកដ្ឋានពន្ធដារបានរកឃើញ មានក្រុមហ៊ុន សហគ្រាសជាច្រើន ដែលប្រមូលអាករតម្លៃបន្ថែម ឬហៅថា (VAT) ពីអតិថិជន ហើយមិនបង់អាករតម្លៃបន្ថែមទាំងនោះចូលថវិការដ្ឋ។
តាមរយៈការរៀបចំវិក្កយបត្រផ្សងសំណាងនេះដែរ ក៏បានរកឃើញក្រុមហ៊ុន សហគ្រាសជាច្រើនមិនទាន់ចុះបញ្ជី ដែលកិច្ចការនេះ ឯកឧត្តមនឹងចាត់វិធានការឲ្យមន្រ្តីពន្ធដារ ចុះណែនាំដល់មូលដ្ឋានទាំងនោះ ជំរុញឲ្យមកចុះបញ្ជី។ បន្ទាប់ពីការណែនាំ ២ ឬ៣ដង ប្រសិនក្រុមហ៊ុន ឬសហគ្រាសទាំងនោះនៅតែមិនមកចុះបញ្ជីនោះទេ គឺចាត់ទុកជាអំពើរាំងស្ទុះ ដែលនិងឈានដល់ករណីកម្រិតព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) គឺជាគំនិតផ្តួចផ្ដើមថ្មីមួយ ដែលផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋទាំងអស់ មានឱកាសទទួលបានសំណាងឈ្នះនូវរង្វាន់យ៉ាងច្រើន ហើយតាមរយៈនេះផងដែរ គឺជាការចូលរួមចំណែកពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធ ការពង្រីកវប្បធម៌នៃការបង់ពន្ធ និងលើកកម្ពស់កម្រិតអនុលោមភាពសារពើពន្ធ ។
ក្រៅពីនេះ កម្មវិធីវិក្កយបត្រនាំសំណាងនេះផងដែរ គឺជាម៉ែត្រវាស់វែងនូវអនុលោមភាពសារពើពន្ធ តាមរយៈការផ្ទៀងផ្ទាត់កម្រិតផលរបរជាក់ស្ដែង នឹងកម្រិតផលរបរដែលសហគ្រាសបានប្រកាស ដើម្បីចៀសវាងការបន្លំជ្រកក្រោមចំណាត់ថ្នាក់អ្នកជាប់ពន្ធដែលមិនត្រឹមត្រូវ តាមស្ថានភាពអាជីវកម្មជាក់ស្ដែងរបស់សហគ្រាសដោយបានបង់ពន្ធជូនជាតិ៕ អត្ថបទ៖ សុន រ៉ាឌី