ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំអំពើរពុករលួយឲ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀត ។ ការប្តេជ្ញានេះ ត្រូបានលើកឡើងក្នុងពេលគណៈប្រតិភូប្រទេសចិន មកបំពេញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី ឈី ស៊ាវលី (Qu Xiaoli) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស កុម្មុយនិស្តចិន ខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយទទួលការស្វាគមន៍ពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ។
ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចំនួន៣ រួមមាន៖ទី១. ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តហឺណាន និងប្រទេសកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ ទី២. ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ ក្នុង ការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ និងទី៣. ពង្រីកបណ្ដាញស្វែងរកជនគេចខ្លួន និងប្រមូលទ្រព្យសម្បត្តិ ដែលត្រូវបានលួចត្រលប់មកវិញ ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ មានបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុក រលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេសកម្ពុជា តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណជន។
ឯកឧត្តម បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយឲ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតជាមួយភាគីចិន ។
លោកស្រី ឈី ស៊ាវលី (Qu Xiaoli) ក៏បានប្តេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើ ពុករលួយឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយភាគីកម្ពុជាផងដែរ ។
គណៈប្រតិភូចិន មកបំពេញទស្សកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា នេះ ដែលជាដំណើរទស្សនកិច្ចលើកទី២ហើយ ៕អត្ថបទ៖ ទូច សោភ័ណ





