
យោងតាមនគរបាល បានឲ្យដឹងថា មនុស្ស៦នាក់ត្រូវបានចាប់ខ្លួននៅខាងមុខលំនៅឋានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yariv Levin នៅក្នុងទីក្រុង Modi'in ប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃចន្ទនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាល បានឲ្យដឹងថា ក្រុមអ្នកតវ៉ា ត្រូវបានគេប្រាប់ឲ្យចាកចេញម្តងហើយម្តងទៀត ខណៈពួកគេបិទចរាចរណ៍។ ក្រុមអ្នកតវ៉ាពុំបានអនុវត្តនោះទេ ដូច្នេះហើយត្រូវបានបណ្តេញចេញដោយបង្ខំ មួយចំនួនត្រូវបានចាប់ខ្លួននិងបាននាំទៅសម្រាប់ការសាកសួរបន្ថែម។
ក្រុមអ្នកតវ៉ាមានជាប់ពាក់ព័ន្ធជាមួយក្រុម Brothers in Arms ដែលតំណាងក្រុមទាហានបម្រុងប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការ។
បន្ទាប់ពីការប៉ះទង្គិចគ្នារវាងនគរបាល និងក្រុមអ្នកតវ៉ា វីដេអូនៅទីតាំងនោះ បានបង្ហាញឲ្យឃើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបាននាំចេញពីលំនៅឋានរបស់លោក និងត្រូវបានអមដំណើរចេញពីបរិវេណអគារដោយនគរបាល។
ការតវ៉ាត្រូវបានគេដឹងថា បានកើតឡើងនៅក្នុងទីក្រុងហ្សេរុយសាឡឹម នៅរសៀលថ្ងៃចន្ទនេះ ដែលបង្កឲ្យមានការបិទចរចារណ៍ជាច្រើនកន្លែងនៅទូទាំងទីក្រុង។