
ភ្នំពេញ ៖ កងយោធពលខេមភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងសមយុទ្ធសុខាភិបាលយោធារួមគ្នា ដែលមានឈ្នោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពីឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនំាពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេរភូមិន្ទ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់សមត្ថភាព, ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យប្រកបដោយប្រសិទ្ធភាពជាដើម។
បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការដ្ឋានរូបនេះបានឲ្យដឹងទៀតថា សមយុទ្ធដោយមានលក្ខណៈទ្រង់ទ្រាយធំនេះបានកំណត់យកប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ សមយុទ្ធនេះនឹង ធ្វើនៅទីតាំងផ្សេងគ្នា ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក(អតីតកងពលតូច 911) នៅ មន្ទីរពេទ្យព្រះកេតុមាលា នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ឲ្យដឹងផងដែរថា កងទ័ពកម្ពុជា និងកងទ័ពចិន បានធ្វើសមយុទ្ធរួមគ្នាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែសមយុទ្ធផ្នែកសុខាភិបាលនេះគឺជាលើកដំបូងបំ ផុត ដោយសមយុទ្ធនេះនឹងប្រើប្រាស់យន្តហោះសុខាភិបាលដែលយកមកពីប្រទេសចិន ឧទ្ធម្ភាគចក្រ រថយន្តជាច្រើនគ្រឿងរួមទាំងសម្ភារសុខាភិបាលជាច្រើនទៀតផងដែរ។
ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ កងទ័ពរំដោះប្រជាជនចិនក៏នឹង មានគម្រោងធ្វើកិច្ចការមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ដោយនឹងចុះព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕ អត្ថបទ ៖ បាន ចក់





