ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតមកដល់ពេលនេះ កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក រួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី ត្រីភាគី និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ហើយភាគីទាំងអស់បានឯកគ្នា កំណត់ប្រជុំលឿនជាងការកំណត់ ពោលនឹងខិតខំបញ្ចប់នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ ដែលតាមគម្រោងនឹងបញ្ចប់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា នៅរសៀលថ្ងៃទី១១ ខែកញ្ញានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពេលចប់កិច្ចប្រជុំថ្ងៃនេះ ភាគីនីមួយៗ នឹងជួបប្រជុំផ្ទៃក្នុងបន្តទៀត ដើម្បីរកឲ្យបាននូវគោលជំហរផ្លូវការរបស់ខ្លួននៅថ្ងៃទី១៨ ខែកញ្ញា ហើយភាគីនីមួយៗ នឹងពិនិត្យសំណូមពរដាច់ដោយឡែករៀងៗខ្លួន ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាធ្វើការពិចារណា និងដោះស្រាយ។ ឯកឧត្តមបានបន្តថា នៅក្នុងកិច្ចប្រជុំ ភាគីតំណាងនិយោជករក្សាតួលេខ ២០១.៥០ដុល្លារ និងតំណាងសហជីព រក្សាគោលជំហររបស់ខ្លួនដូចគ្នាដែរ គឺចំនួន ២១៥ដុល្លារ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីមូលហេតុដែលភាគីនិយោជកកំណត់ និងភាគីសហជីព មានតួលេខខុសគ្នាឆ្ងាយ ដោយសារភាគីនីមួយៗឈរលើលក្ខណៈវិនិច្ឆ័យទាំង ៧ចំណុចរៀងៗខ្លួន ដោយភាគីសហជីពផ្តោតលើអតិផរណាធ្វើឲ្យកម្មករចំណាយច្រើន ចំណូលធ្លាក់ចុះ និងភាគីនិយោជក ផ្តោតទៅលើភាពប្រកួតប្រជែង តម្រូវការមានការថយចុះ និងបញ្ហាប្រឈមនៅក្នុងវិស័យ។
ឯកឧត្តម ហេង សួរ បានឲ្យដឹងទៀតថា ភាគីសហជីព និងភាគីនិយោជក បានបន្តពន្យល់គ្នាទៅវិញទៅមក ដោយឈរលើគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
សូមជម្រាបជូនថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរជារៀងរាល់ឆ្នាំនេះ ត្រីភាគីបានពិភាក្សាគ្នាដោយផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះរួមមាន៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី


