
ក្រុមឃ្លាំមើលថាមពលអាតូមិកអង្គការសហប្រជាជាតិ(UN)បានព្រមានពីការគំរាមកំហែងដ៏មានសក្តានុពលចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ដោយសារការកើនឡើងការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដែលកងកម្លាំងរបស់ពួកគេ បានវាយបកកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា ក្រុមអ្នកជំនាញរបស់ពួកគេដែលត្រូវបានបញ្ជូនទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាន់កាប់ដោយរុស្ស៊ី បានរាយការណ៍ពីការផ្ទុះជាច្រើនលើកក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ជាការបង្ហាញឲ្យឃើញពីសកម្មភាពកើនឡើងនៅក្នុងតំបន់ ។ នៅពុំទាន់មានការខូចខាតរោងចក្រនៅឡើយទេ។
លោកឧត្តមសេនីយ៍ Rafael Mariano Grossi គឺជាប្រធាន IAEA បាននិយាយព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ថា លោកនៅតែមានការព្រួយបារម្ភខ្លាំងចំពោះគ្រោះថ្នាក់អាចកើតឡើងដែលរោងចក្រប្រឈម នៅពេលដែលភាពតានតឹងយោធាកើនឡើងនៅក្នុងតំបន់។
លោកបានកត់សំគាល់ឃើញថា ក្រុម IAEA ត្រូវបានគេជូនដំណឹងថា បុគ្គលិកនៅក្នុងរោងចក្រ ត្រូវបានកាត់បន្ថយបណ្តោះអាសន្នមកនៅចំនួនអប្បរមា ដោយសារតែក្តីកង្វល់នៃសកម្មភាពយោធានៅក្នុងតំបន់នោះ។
លោក Grossi បាននិយាយទៀតថា អ្វីក៏ដោយឲ្យតែកើតឡើងនៅក្នុងតំបន់ជម្លោះ មិនថាកន្លែងណាទេ អ្នករាល់គ្នានឹងត្រូវបាត់បង់ពីឧបទ្ទេវហេតុនុយក្លេអ៊ែរ ហើយលោកសូមជំរុញថា ការប្រុងប្រយ័ត្នចាំបាច់ទាំងអស់ត្រូវតែធ្វើ ដើម្បីកុំឲ្យវាកើតឡើង៕