
ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន បានប្រកាសថា បានរកឃើញមនុស្ស ០៥នាក់ទៀតឆ្លងមេរោគកូវីដ-១៩នៅថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ករណីឆ្លងមេរោគកូវីដ-១៩ទាំង ០៥នាក់នេះ ត្រូវបានរកឃើញលើប្រជាកសិករ ២នាក់ បន្ទាប់ពីពួកគាតទាំងពីរបានប៉ះពាល់ជាមួយនឹងបុរសម្នាក់អាយុ ៣៦ឆ្នាំ ដែលជាអ្នកចែកចាយជីកសិកម្មមានលំនៅឋាននៅឯរាជធានីភ្នំពេញ។
រដ្ឋបាលខេត្តនេះ ក៏បានរកឃើញផងដែរការឆ្លងមេរោគកូវីដ-១៩នេះ ទៅលើយុវតីម្នាក់អាយុ ២០ឆ្នាំ និងប្អូនប្រុសរបស់នាងទើបតែអាយុ ៧ឆ្នាំ ដែលពួកគេទាំងពីរនាក់បានឆ្លងបន្តពីអ្នកចែកចាយជីកសិកម្ម។
ចំណែកឯមួយករណីទៀត ត្រូវបានរកឃើញលើបុរសម្នាក់ទៀតអាយុ ៣៣ឆ្នាំ ដែលមានមុខរបរដឹកទំនិញ និងមានអាសយដ្ឋាននៅភ្នំពេញ។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា អាជ្ញាធរកំពុងស្វែងរកមនុស្សពាក់ព័ន្ធដទៃទៀត ដើម្បីពិនិត្យសំណាក និងដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព៕