
ការរញ្ជួយដីកម្រិត ៦,៨វ៉ិចទ័រ បានវាយប្រហារប្រទេសម៉ារ៉ុក កាលពីថ្ងៃសុក្រ (ទី៨ ខែកញ្ញា) ដែលជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុត នៅម៉ារ៉ុក ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២.០០០នាក់ តែនេះមិនមែនជាលើកដំបូងនោះឡើយ ដែលប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ ជួបប្រទះនឹងសោកនាដកម្មពីគ្រោះរញ្ជួយដី ព្រោះបើត្រឡប់ទៅឆ្នាំ១៩៦០ គេនឹងឃើញថា មនុស្សយ៉ាងហោចណាស់ ១២.០០០នាក់ បានស្លាប់ ក្រោយមានហេតុការណ៍រញ្ជួយដី។
គ្រោះរញ្ជួយដីនៅឆ្នាំ១៩៦០ នោះ បានកើតឡើងនៅមុនពាក់កណ្តាលអធ្រាត្រនៃយប់ថ្ងៃទី២៩ ខែកុម្ភៈ។ ការរញ្ជួយនោះ មានកម្រិត ៥,៨វ៉ិចទ័រ ប៉ុន្តែជម្រៅរាក់នៃចំណុចកណ្តាល បានបណ្តាលឲ្យមានកម្លាំងរញ្ជួយខ្លាំងជាង និងបំផ្លាញស្ទើរតែទាំងស្រុងនៃតំបន់ទីក្រុងឆ្នេរសមុទ្រ Agadir របស់ប្រទេសម៉ារ៉ុក។
មនុស្ស ១២ពាន់នាក់ ត្រូវបានសម្លាប់ ហើយជាង ៤០.០០០នាក់ គ្មានផ្ទះសម្បែងជ្រកកោន។ ចំនួននៃអ្នកបាត់បង់អាយុជីវិតនោះ ធ្វើឲ្យគ្រោះរញ្ជួយដីនេះជារញ្ជួយដី ដែលបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុតរបស់ប្រទេសម៉ារ៉ុក និងជាគ្រោះរញ្ជួយដីដ៏ធំបំផុតទាំង៣ របស់ពិភពលោក ក្នុងឆ្នាំ១៩៦០៕