
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយ នៅថ្ងៃចន្ទ (ទី១១ ខែកញ្ញា)នេះ ថា ប្រទេសអ៊ីរ៉ង់មានសុទិដ្ឋិនិយមថា ការដោះដូរអ្នកទោសជាមួយទីក្រុងវ៉ាស៊ីនតោន នឹងកើតមានឡើង «ក្នុងពេលអនាគតដ៏ខ្លី» ហើយបន្ថែមថា ទ្រព្យសម្បត្តិចំនួន ៦ពាន់លានដុល្លាររបស់ទីក្រុងតេអេរ៉ង់ ដែលផ្អឹបទុក នៅប្រទេសកូរ៉េខាងត្បូង នឹងត្រូវបានដោះស្រាយ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
តែទោះជាយ៉ាងណា លោក Nasser Kanaani បាននិយាយថា បញ្ហាទាំង២ មិនជាប់ទាក់ទងគ្នានោះទេ។ ប្រភពនានា បានប្រាប់សារព័ត៌មាន Reuters កាលពីសប្តាហ៍មុនថា ការផ្ទេរមូលនិធិរបស់អ៊ីរ៉ង់ទៅកាន់ធនាគារ ក្នុងប្រទេសកាតា នៅដើមសប្តាហ៍នេះ នឹងធ្វើឲ្យមានការរៀបចំតាមលំដាប់លំដោយយ៉ាងប្រុងប្រយ័ត្ន ដែលនឹងឃើញថា ជនជាតិអាមេរិកចំនួន ៥នាក់ ដែលត្រូវបានឃុំខ្លួន ២នាក់ ចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយចំនួនដូចគ្នានៃអ្នកទោសអ៊ីរ៉ង់ ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ត្រូវជិះយន្តហោះមកផ្ទះរបស់ពួកគេ។
ជាជំហានដំបូង ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១០ ខែសីហា បានដោះលែងពលរដ្ឋអាមេរិក ៤នាក់ ពីពន្ធនាគារ Evin នៃទីក្រុងតេអេរ៉ង់ ឲ្យទៅជាប់ឃុំខ្លួន នៅក្នុងផ្ទះវិញ ជាកន្លែង ដែលពួកគេបានចូលរួមជាមួយម្នាក់ ក្នុងចំណោម៥ នាក់ ដែលស្ថិតនៅក្រោមការឃុំខ្លួន នៅផ្ទះរួចហើយ។ បន្ទាប់មកនៅថ្ងៃនោះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានហៅវិធានការណ៍នេះថា ជាជំហានដំបូងនៃដំណើរការ ដែលនឹងនាំឲ្យពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ៕