ម៉ារ៉ុក៖ ក្រុមអ្នកភូមិនៅតាមតំបន់មួយចំនួននៃប្រទេសម៉ារ៉ុក ដែលត្រូវបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសមួយនេះ ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ បានបោះជំរំស្នាក់នៅរហូតដល់យប់ទី៤ កាលពីថ្ងៃចន្ទ ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ជាង២.៨០០នាក់។
ក្រុមអ្នកស្វែងរកមកពីប្រទេសអេស្ប៉ាញ ចក្រភពអង់គ្លេស និងកាតា បានចូលរួមជាមួយអាជ្ញាធរម៉ារ៉ុកដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ ដែលបានអង្រួនតំបន់ភ្នំ High Atlas កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ដែលបានផ្ដួលលំនៅឋានសាងសង់ពីដីឥដ្ឋដូចៗគ្នាតាមប្រពៃណីនៅក្នុងតំបន់នេះ ។
ទូរទស្សន៍រដ្ឋបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានឡើងដល់២.៨៦២នាក់ និង ២.៥៦២នាក់ រងរបួស ។ ខណៈតំបន់ភាគច្រើនដែលរងគ្រោះដោយសារការរញ្ជួយនេះ ពិបាកទៅដល់ ក្រុមអាជ្ញាធរពុំបានបញ្ចេញការប៉ាន់ប្រមាណសម្រាប់ចំនួនអ្នកបាត់ខ្លួននោះទេ។
នៅក្នុងភូមិ Tinmel លំនៅឋានភាគច្រើនត្រូវបានបំផ្លិចបំផ្លាញរាបដល់ដី ហើយសហគមន៍ទាំងមូលក្លាយជាវាលរហោឋាន។ ក្លិនស្អុយចេញពីសាកសពសត្វរាប់សិបក្បាល ដែលត្រូវបានកប់ក្រោមគំនរកម្ទេចកម្ទីបានសាយខ្លិនពេញតំបន់ជាច្រើននៅក្នុងភូមិនេះ៕

