អ៊ីស្រាអែល៖ អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីរ៉ង់ថា បានសាងសង់អាកាសយានដ្ឋាននៅប្រទេសលីបង់ភាគខាងត្បូង ដើម្បីប្រើជាកន្លែងដាក់ជើងទម្របាញ់រ៉ុក្កែតសម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលឆ្លងកាត់ព្រំដែន ដែលបង្ហាញពីលទ្ធភាពការកើនឡើងនូវភាពតានតឹងរវាងសត្រូវក្នុងតំបន់នេះ។
ថ្លែងនៅក្នុងសន្និសីទសន្តិសុខកម្រិតខ្ពស់ដែលរៀបចំដោយសាកលវិទ្យាល័យ Reichman នៅជិតទីក្រុង តែលអាវីវ (Tel Aviv) រដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant បានអះអាងថា ប្រទេសអ៊ីរ៉ង់ បាននិងកំពុងសាងសង់ផ្លូវយន្តហោះរត់ដែលកាត់ភ្នំសម្បូរដោយព្រៃ ដែលមានចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រ (១២ម៉ាយ) ពីព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។ លោកGallant បានបង្ហាញរូបថតពីផ្កាយរណប ដែលលោកបាននិយាយថា បង្ហាញពីទីតាំងនោះ ដែលទង់ជាតិអ៊ីរ៉ង់ និងទង់ជាតិនៃក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ (Hezbollah) របស់ប្រទេសលីបង់ អាចត្រូវបានគេមើលឃើញ។
លោក Gallant បានចោទប្រកាន់ថាអ៊ីរ៉ង់«កំពុងរៀបចំផែនការធ្វើសកម្មភាពប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល» ដោយប្រើផ្លូវយន្តហោះរត់ជាមូលដ្ឋាន។ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ លោករដ្ឋមន្ត្រីការពារជាតិមិនបានបញ្ជាក់ថា ពេលណារូបថតផ្កាយរណប ត្រូវបានថតនោះទេ។
ទីតាំងដែលលោកបានផ្តល់ឲ្យនោះ គឺនៅជិតទីក្រុងJezzinនៃប្រទេសលីបង់ដ៏ខ្ពស់ឆ្លងកាត់ព្រំដែនពីទីក្រុងMetulla របស់អ៊ីស្រាអែល។ កាលពីដើមឆ្នាំនេះ ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ បានអញ្ជើញអ្នកសារព័ត៌មានឲ្យទៅមើលសមយុទ្ធយោធានៅក្នុងទីក្រុងក្បែរនោះ ក្នុងប្រទេសលីបង់ភាគខាងត្បូង៕


