ការប៉ុនប៉ងចង់ឈ្នះការប្រកួតលោតទឹក Red Bull Cliff Diving ៧ ព្រឹត្តិការណ៍ជាប់គ្នារបស់កីឡាការិនីអូស្រ្តាលី Rhiannan Iffland ត្រូវបានបញ្ចប់ហើយ ក្រោយកីឡាការិនីកាណាដា Molly Carson បានយកឈ្នះការប្រកួតនៅប្រទេសបូស្នៀ។
ព្រឹត្តិការណ៍ Cliff Diving World Series នៅប្រទេសបូស្នៀតែងតែត្រូវបានរៀបចំឡើងនៅទន្លេ Neretva ពោលគឺអ្នកចូលរួមប្រកួតទាំងអស់ត្រូវលោតពីលើស្ពានប្រវត្តិសាស្រ្ត Stari Most។
Molly Carson គឺជាអ្នកឈរលើគេនៅក្នុងតារាងការប្រកួតផ្នែកនារីក្រោយការលោតចំនួន ៤ លើកទទួលបានសរុប ៣៧៨.៦០ ពិន្ទុ តាមពីក្រោយដោយ Rhiannan Iffland មាន ៣៦១.៥ ពិន្ទុ និងលេខ ៣ កីឡាការិនីអាមេរិក Eleanor Smart។

យ៉ាងណាក្តីនៅក្នុងតារាងពិន្ទុរួមក្រោយប្រកួតបាន ៥ ព្រឹត្តិការណ៍រដូវកាលនេះ Rhiannan Iffland នៅឈរលើគេដដែលមានសរុប ៩៩០ ពិន្ទុ តាមពីក្រោយដោយ Molly Carson មាន ៨៦០ ពិន្ទុ និងលេខ ៣ កីឡាការិនីអូស្រ្តាលី Xantheia Pennisi។
ងាកមកការប្រកួតផ្នែកបុរសវិញ ជ័យជំនះបានទៅកីឡាករអេស្ប៉ាញ Carlos Gimeno ខណៈលេខ ២ បានទៅកីឡាកររ៉ូម៉ានី Catalin Preda និងលេខ ៣ កីឡាករអង់គ្លេស Aidan Hislop។
ក្នុងតារាងជើងឯកវិញ កីឡាកររ៉ូម៉ានី Constantine Popovici ដែលបានលេខ ៥ នៅបូស្នៀនេះ នៅតែឈរលើគេដដែលមានសរុប ៨៣២ ពិន្ទុ តាមពីក្រោយដោយ Aidan Hislop មាន ៦៩៩ និង លេខ ៣ Carlos Gimeno។
ជុំទី ៦ Red Bull Cliff Diving World Series នឹងធ្វើដំណើរទៅប្រទេសនូវែស៊ីឡង់ដែលជាជុំចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ
