
ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ តំណាងឲ្យភាគីនិយោជក បានថ្លែងថា យោងលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច ភាគីនិយោជកមានលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាទេសម្រាប់ឆ្នាំ២០២៤ បានត្រឹម ១,៥ ដុល្លារ ដោយសារភាពប្រកួតប្រជែង តម្រូវការ និងបញ្ហាប្រឈមនានា ក្នុងវិស័យកាត់ដេរ។
ឧកញ៉ាបណ្ឌិត ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញាកន្លងទៅ បានមានប្រសាសន៍ថា ជាជំហររបស់និយោជកបានដំឡើងបន្ថែមដល់ ២០១,៥០ដុល្លារ ដើម្បីឲ្យឈានទៅឆាប់ត្រូវគ្នា ដោយសំណូមភាគីសហជីពរកតួលេខមួយដូចគ្នា។ ប៉ុន្តែភាគីសហជីពមិនទាន់ដាក់តួលេខថ្មី។
លោកបានបន្តថា ក្នុងនោះ ដោយសារសហជីពនៅមិនទាន់មានការដាក់តួលេខថ្មី រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំរក្សាតួលេខចាស់ដដែល ដោយឲ្យភាគីទាំងពីរ ថយទៅពិភាក្សាគ្នារកតួលេខរួមសម្រាប់ដាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែកញ្ញាខាងមុខ ។
លោកអនុប្រធាន បានបញ្ជាក់ជាថ្មីថា តាមលក្ខណៈបច្ចេកទេស និយោជកមិនមានលទ្ធភាពដំឡើងជូនទេ។ ប៉ុន្តែដោយសារសម្ដេចធិបតី ហ៊ុន ម៉ាណែត តិចឬច្រើន ត្រូវតែជួយក៏បានឈានទៅដល់ការឯកភាពគ្នាដំឡើងទៅតាមតួលេខមួយដែលអាចមានលទ្ធភាពធ្វើទៅបាន។ លោកសង្ឃឹមនាកិច្ចប្រជុំលើកក្រោយនឹងមានតួលេខថ្មី ហើយភាគីនិយោជកក៏នឹងមានតួលេខថ្មីដែរ ដើម្បីឲ្យមានបម្រែបម្រួលទាំងអស់គ្នា។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមកិច្ចប្រជុំថ្ងៃម្សិលមិញភាគីតំណាងនិយោជកនៅតែរក្សាតួលេខ ១ដុល្លារ និងតំណាងសហជីពរក្សាតួលេខ១៥ដុល្លារដដែល ទៅលើប្រាក់ឈ្នួលកម្មករបច្ចុប្បន្ន ២០០ដុល្លារ ក្នុងមួយខែ។ ឯកឧត្តម បញ្ជាក់ថា មូលហេតុដែលភាគីនិយោជក និងភាគីសហជីព មានតួលេខខុសគ្នាឆ្ងាយនេះ ដោយសារភាគីនីមួយៗឈរលើលក្ខណៈវិនិច្ឆ័យទាំង៧ចំណុចរៀងៗខ្លួន ដោយភាគីសហជីពផ្តោតលើអតិផរណាធ្វើឲ្យកម្មករចំណាយច្រើន ចំណូលធ្លាក់ចុះ និងភាគីនិយោជកផ្តោតទៅលើភាពប្រកួតប្រជែង តម្រូវការមានការថយចុះ និងបញ្ហាប្រឈមនៅក្នុងវិស័យ។
សូមជម្រាបថា ពាក់ព័ន្ធកិច្ចចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ភាគីទាំងអស់ បានឯកភាពគ្នាកំណត់ប្រជុំលឿនជាងការកំណត់ ពោលនឹងខិតខំបញ្ចប់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដែលតាមគម្រោងបញ្ចប់នៅថ្ងៃទី២ ខែតុលា៕អត្ថបទឈិត បូរ៉ាវី