
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញបទប្បញ្ញត្តិ និងកម្រិតវិន័យយ៉ាងតឹងរឹងសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំនេះ។
ខណៈការកម្រិតវិន័យនេះគឺអាចឈានដល់ការធ្លាក់ដោយស្វ័យប្រវត្តិដោយគ្មានសិទ្ធិប្រឡង២ឆ្នាំបន្ទាប់ និងអាចឈានទៅជាប់ពន្ធនាគារថែមទៀតក្នុងករណីប្រព្រឹត្តិអំពើសូកប៉ាន់ក្នុងការប្រឡង។
ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ ២០២៣ បានកំណត់កាលបរិច្ឆេទយកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ មុនការប្រឡងចូលមកដល់ ក្រសួងអប់រំ បានផ្សព្វផ្សាយនូវរាល់បទបញ្ញត្តិ កម្រិតវិន័យ ក៏ដូចជាអ្វីដែលបេក្ខជនត្រូវធ្វើ និងមិនត្រូវធ្វើជាដាច់ខាតក្នុងមណ្ឌលប្រឡង។ កម្រិតវិន័យក្នុងការប្រឡង ធ្ងន់ធ្ងរបំផុត គឺឈានដល់ការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំក្នុងករណីសូកប៉ាន់។
ករណីសូកប៉ាន់វិញ ត្រូវបានក្រសួងអប់រំ ចាត់ទុកជាករណីធ្ងន់ធ្ងរបំផុតសម្រាប់ការប្រឡង។ ក្រសួងអប់រំ លើកឡើងថា បទសូកប៉ាន់ តាមមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ គឺផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ ឆ្នាំ ចំពោះបុគ្គលណា ដោយគ្មានសិទ្ធិដោយផ្ទាល់ ឬប្រយោល ប្រគល់អំណោយ ឬជំនូនធ្វើការសន្យាជាមួយ ឬផ្ដល់អត្ថប្រយោជន៍អ្វីមួយដល់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីឱ្យអ្នករាជការ ឬពលរដ្ឋនោះ។
ក្រសួងអបប់រំក៏បានកំណត់ដែរថា ការយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ការឱ្យអ្នកដទៃមកប្រឡងជំនួស ការធ្វើឱ្យខូចសម្ភារក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា ការមិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង គឺបេក្ខជននោះនឹងធ្លាក់ដោយស្វ័យប្រវត្ត និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ករណីចាំបាច់បេក្ខជននោះ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដោះស្រាយទៅតាមច្បាប់។
បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏បានបញ្ជាក់ថែមលើកម្រិតវិន័យផ្សេងទៀត ចំពោះការប្រព្រឹត្តិឆ្គងរបស់បេក្ខជនប្រឡងផងដែរ។ បេក្ខជនដែលលួចចម្លងគឺត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។
ចំពោះករណីដែលបេក្ខជនបង្កើតសកម្មភាពធ្វើឱ្យខូចសណ្ដាប់ធ្នាប់រៀបរៀបរយនៃការប្រឡង និងប៉ះពាល់លកិត្តិយសគណៈមេប្រយោគ ក្នុងកម្រិតវិន័យថា្នក់ទី១ គឺមិនអនុញ្ញាតឱ្យចូលប្រឡង និងកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។
ក្នុងកម្រិតវិន័យថ្នាក់ទី២វិញ គឺកំណត់ឱ្យបបេក្ខជនធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់ថែមទៀត៕អត្ថបទ៖ គឹមហុក