ការប្រកួតបាលទាត់ពានរង្វាន់ស្វាយរៀងខាប់យុវជនអាយុក្រោម ១៨ឆ្នាំ(Svay Rieng Cup U18) លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល សប្ដាហ៍ទី៤ ហើយ ហើយក៏បានរកឃើញបេក្ខភាពវគ្គបន្ដជាបណ្ដើរៗផងដែរ ។
ចំពោះលទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៤ កាលពីចុងសប្ដាហ៍កន្លងទៅ នៅក្នុងពូលA ក្រុមយុវជនសាមគ្គី បានបន្ដយកឈ្នះក្រុម Rainbow FC ដោយលទ្ធផល ៣-១ គ្រាដែលក្រុមត្រកួនទែក បានយកឈ្នះក្រុម ស.ស.យ.ក ឃុំស្វាយតាយាន ៣-០ ។ ជ័យជម្នះនេះ នាំឲ្យក្រុមយុវជនសាមគ្គី កក់កៅអីវគ្គបន្ដ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា រកបាន ៩ពិន្ទុពេញ ខណៈក្រុមយុវជនត្រកួនទែក ឈរលេខ២ រកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់ ១ ។
ដោយឡែកពូល E វិញ ក្រុមយុវជនរមាសហែក បានបន្ដជ័យជម្នះលើក្រុមយុវជនគគីសោម ក្នុងលទ្ធផល ៣-១ ខណៈក្រុមសាលាចំរើនសូនីតា ទទួលជ័យជម្នះដំបូង លើក្រុមយុវជនចុងព្រែង ដោយលទ្ធផល ៣-២ ។ លទ្ធផលនេះដែរ ធ្វើឲ្យក្រុមយុវជនរមាសហែក បន្ដឈរកំពូលតារាង ដោយរកបាន ៦ពិន្ទុពីជ័យជម្នះ ២ប្រកួតជាប់គ្នា គ្រាដែលក្រុមសាលាចំរើនសូនីតា មាន ៣ពិន្ទុស្មើក្រុមយុវជនគគីសោម ដែលឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ដូចគ្នា ។
ចំណែកពូលF ក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ បានយកឈ្នះក្រុម ស.ស.យ.ក ស្រុកស្វាយទាប ដោយលទ្ធផល ៣-០ ។ នេះគឺជាជ័យជម្នះលើកទី២ ក្នុងពូល ដែលនាំឲ្យក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ ទទួលបានកៅអីវគ្គបន្ដ ខណៈក្រុម ស.ស.យ.ក ស្រុកស្វាយទាប ត្រូវជួបក្រុមមិនទាន់ស្គាល់ជ័យជម្នះដូចគ្នា គឺក្រុមយុវជនបាទី ដើម្បីបញ្ចប់ពូលចុងសប្ដាហ៍ក្រោយ ៕ អត្ថបទ លី ឈុនឡា




