
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសថា មនុស្ស ៦៤នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលនាំឱ្យតួលេខឆ្លងសរុបនៅក្នុងខេត្តនេះ កើនឡើងដល់ ៦០០នាក់ហើយនៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើស្ត្រីរហូតដល់ ៥៨នាក់ ហើយ ០៦នាក់ទៀតជាបុរស។
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ករណីឆ្លងថ្មីទាំងនេះ សុទ្ធតែជាចង្កោមនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
រដ្ឋបាលខេត្តនេះ ក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ២៣នាក់ទៀត បានជាសះស្បើយឡើងវិញ ដែលនាំឱ្យតួលេខអ្នកជាសះស្បើយសរុបឡើងដល់ ១៧៦នាក់ហើយគិតត្រឹមថ្ងៃនេះ។
គិតត្រឹមថ្ងៃនេះដែរ ខេត្តកំពង់ស្ពឺរកឃើញមនុស្សដល់ទៅ ៦០០នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ អ្នកជំងឺ ១១នាក់ បានស្លាប់បាត់បង់ជីវិត ហើយអ្នកជំងឺ ៤០៧នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕