កណ្ដាល៖ ក្រោយពេលរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានណែនាំឲ្យប្រជាកសិករនាំគ្នាធ្វើស្រូវសែនក្រអូប និងស្រូវផ្ការំដួលជាប្រភេទស្រូវប្រណិតសម្រាប់នាំចេញលក់នៅក្រៅប្រទេស នៅពេលបណ្តាញកសិករថា នឹងនាំគ្នាធ្វើការដាំដុះប្រភេទពូជស្រូវទាំងនេះ ដើម្បីជំរុញបង្កើនការនាំចេញលក់នៅទីផ្សារក្រៅប្រទេស និងបង្ហាញអត្តសញ្ញាណខ្មែរនៅលើឆាកអន្តរជាតិ។
ប្រជាសហគមន៍កសិករ នៅខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែកញ្ញានេះថា ដើម្បីជំរុញការនាំចេញ និងទទួលបានប្រាក់ចំនិញខ្ពស់ ពីការប្រកបរបរដំណាំ ពួកគេនឹងនាំគ្នាបង្កើនការដាំដុះស្រូវ សែនក្រអូប និងស្រូវផ្ការំដួលរបស់ខ្មែរបន្ថែមទៀត ខណៈប្រភេទពូជស្រូវទាំងនេះ ងាយស្រួលដាំដុះ មិនរើសដី និងអាកាសធាតុជាដើម។
លោក ថែង សារឿន ប្រធានសមាគមន៍សម្ព័ន្ធ សហគមន៍កសិករកម្ពុជា CCFC បានថ្លែងថា សមាគមលោកមានពេញចិត្តជាខ្លាំងរាជរដ្ឋាភិបាលប្រកាសជំរុញឲ្យកសិករនាំដាំដុះពូជស្រូវអត្តសញ្ញាណខ្មែរ ស្រូវសែនក្រអូប និងស្រូវផ្ការំដួល ដោយសារស្រូវទាំងនេះជាប្រភេទស្រូវប្រណិត មានគុណភាពល្អ ក្លិនក្រអូប បាយឆ្ងាញ់ និងមានការលក់ដាច់បំផុតនៅលើទីផ្សារអន្តរជាតិ។ លោកក៏ណែនាំឲ្យប្រជាកសិករនាំគ្នាដាំដុះពូជស្រូវទាំងនេះ និងស្នើរាជរដ្ឋាភិបាលជួយផ្តល់ពូជស្រូវទាំងនេះ បែងចែកទៅដល់ប្រជាកសិករឲ្យបានច្រើន ដើម្បីឲ្យកសិករនាំគ្នាបង្កើនការដាំ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា បច្ចុប្បន្នក្រសួងកសិកម្មកំពុងផ្តល់ការលើកទឹកចិត្តឲ្យកសិករបង្កើនផលិតស្រូវសែនក្រអូប និងស្រូវផ្ការំដួល។ ក្រសួងក៏មានក្រុមហ៊ុនដៃគូសហការធំៗជាច្រើនដែលអ្នកធានាទទួលទិញស្រូវពីកសិករទាំងអស់គ្នា ទៅតាមកិច្ចសន្យា ដើម្បីរួមចំណែកជួយកាត់បន្ថយថ្លៃដើមផលិត និងសម្រេចគោលនយោបាយនៃការនាំចេញ។
ឯកឧត្តម បញ្ជាក់ថា ក្រៅពីនេះក្រសួងកសិកម្ម ក៏ជំរុញឲ្យកសិករដាំដុះ ពូជស្រូវខ្មែរប្រភេទថ្មីដែលកំពុងសាកល្បងដាំដុះ គឺពូជស្រូវចំប៉ី ស ៧០ ដែលពូជនេះដាំឆាប់បានប្រមូលផល មានភាពស៊ាំខ្លាំងនឹងអាកាសធាតុ ចំណាយថ្លៃដើមតិចថែមទៀត៕អត្ថបទ ស៊ុម សុខជា