អ្នករត់ប្រណាំងមកពីហូឡង់ម្នាក់ បានបញ្ចប់ដោយជោគជ័យក្នុងការរត់ម៉ារ៉ាតុងពីទីក្រុង Amsterdam ប្រទេសហូឡង់ទៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ដើម្បីរៃអង្គាសប្រាក់បានប្រមាណ ៦ ម៉ឺនអឺរ៉ូ ទិញរថយន្តសង្គ្រោះជូនភ្នាក់ងារសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន។
បុរសវ័យ ២៨ ឆ្នាំ Boas Kragtwijk បានចាកចេញពីទីក្រុង Amsterdam ដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងរបស់ខ្លួននៅថ្ងៃទី ២២ ខែកក្កដា។
ក្នុងការតស៊ូរយៈពេល ៥០ ថ្ងៃ Boas បានឆ្លងកាត់ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ Warsaw ប្រទេសប៉ូឡូញ និងទីក្រុង Lviv ប្រទេសអ៊ុយក្រែន និងចុងក្រោយបំផុតមកដល់រដ្ឋធានី Kyiv ដែលជាគោលដៅចុងក្រោយ សរុបចំងាយផ្លូវ ២០០០ គីឡូម៉ែត្រ។
និយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Kyiv, Boas Kragtwijk បានឱ្យដឹងថា លោកចូលរួមការប្រកួតនេះមានមូលហេតុសំខាន់គឺជួយសម្រាលបន្ទុកមួយចំណែកតូចរបស់អ៊ុយក្រែនដែលរងគ្រោះដោយសារសង្គ្រាម ការរត់ទៅកាន់ប្រទេសដែលមានសង្គ្រាមគឺជារឿងដែលគ្រប់គ្នានឹកស្មានមិនដល់ តែយ៉ាងហោចណាស់បេសកកម្មនេះអាចប្រមែប្រមូលថវិកាបានដើម្បីទិញរថយន្តសង្គ្រោះបាន ២ គ្រឿង ដែលមួយគ្រឿងអាចជួយសង្រ្គោះជីវិតមនុស្សបានយ៉ាងហោចណាស់ ២៥ នាក់ក្នុងមួយថ្ងៃ៕ អត្ថបទ៖នាង សុភាវុធ






