ទួរគី៖ អ្នកស្រាវជ្រាវក្នុងរូងភ្នំជនជាតិអាមេរិកម្នាក់ បានជាប់ក្នុងជម្រៅជាង១ពាន់ម៉ែត្រនៅក្រោមដី នៅប្រទេសទួរគីភាគខាងត្បូងបន្ទាប់ធ្លាក់ខ្លួនឈឺ ត្រូវបានជួយសង្គ្រោះនៅព្រឹកថ្ងៃអង្គារនេះបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះអន្តរជាតិរយៈពេលជាច្រើនថ្ងៃ។
វីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានបង្ហាញលោក Dickey ត្រូវបាននាំចេញពីរូងភ្នំ និងបាននាំទៅកាន់ តង់វេជ្ជសាស្ត្រនៅជំរំដើម្បីពិនិត្យសុខភាព។
លោក Mark Dickey មានអាយុ៤០ឆ្នាំ កំពុងបំពេញបេសកកម្មរុករកជាអន្តរជាតិ នៅក្នុងរូងភ្នំ Morca នៅតំបន់ភ្នំ Taurus ខេត្ត Mersin នៅពេលនោះតាមសេចក្តីរាយការណ៍លោកបានចាប់ផ្តើមទទួលរងការចេញឈាមពីក្រពះនិងពោះវៀន នៅក្នុងជម្រៅរូងភ្នំ១.០៤០ម៉ែត្រ។
ក្រុមអ្នកសង្គ្រោះជាង១៥០នាក់មកពីប្រទេសទួរគី ក្រូអាត អ៊ីតាលី និងប្រទេសមួយចំនួនទៀត បានធ្វើការរយៈពេល៩ថ្ងៃដើម្បីជួយសង្គ្រោះលោក ពីរូងភ្នំជ្រៅបំផុតទី៣របស់ប្រទេស៕

