ហ្វីលីពីន៖ លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte) អតីតមេដឹកនាំហ្វីលីពីន ដែលបានជំរុញគោលនយោបាយការបរទេសរបស់ប្រទេសនេះឲ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ក្នុងអំឡុងពេលអាណត្តិរបស់លោក ត្រូវបានលើកទឹកចិត្តដោយអតីតប្រធានាធិបតី លោកស្រី Gloria Macapagal-Arroyo ឲ្យចាកចេញពីការចូលនិវត្តន៍ និងវិលត្រឡប់មកធ្វើនយោបាយវិញ នេះបើយោងតាមជំនួយរបស់លោកឌូទែរើតេ។
កាលពីពេលថ្មីៗនេះ លោកឌូទែរើតេ បានជួបជាមួយលោកស្រី Arroyo និងអតីតមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ដើម្បីពិនិត្យសុខភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទពីសមាជិកព្រឹទ្ធសភា លោក Bong Go ដែលបន្តធ្វើជាជំនួយការរបស់លោកឌូទែរើតេ។
លោកGoបាននិយាយជាភាសាក្នុងស្រុកថា៖«ក្នុងអំឡុងពេលនៃការជួបជុំនេះ លោកស្រី Arroyo កំពុងព្យាយាមបញ្ចុះបញ្ចូលលោកឌូទែរើតេ ឲ្យចូលរួមធ្វើសកម្មភាពក្នុងឆាកនយោបាយឡើងវិញ។ ការបោះឆ្នោតពាក់កណ្តាលអាណត្តិបន្ទាប់សម្រាប់មុខតំណែងថ្នាក់មូលដ្ឋាន និងសភា នឹងធ្វើឡើងនៅឆ្នាំ ២០២៥។
លោកឌូទែរើតេ ដែលមានវ័យ៧៨ឆ្នាំ បានក្លាយជាពលរដ្ឋឯកជន បន្ទាប់ពីអាណត្តិរបស់លោក បានបញ្ចប់កាលពីឆ្នាំមុន ប៉ុន្តែបានធ្វើឲ្យមានមុខនៅលើទំព័រកាសែតនៅក្នុងខែកក្កដា នៅពេលដែលលោក បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំង។ លោក ស៊ី បានសម្តែងក្តីសង្ឃឹមថា លោកឌូទែរើតេ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលចិន បន្ទាប់ពីកិច្ចប្រជុំនោះ៕


