អាមេរិក៖អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ (១១ កញ្ញា) ថា រដ្ឋធានីវ៉ាស៊ីនតោនរំពឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅសហរដ្ឋអាមេរិកមុនដំណាច់ឆ្នាំនេះ មិនថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ឬក្រោយពីនោះក៏ដោយ។
សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍មុនដោយសំអាងដល់អ្នកដែលបានរាយការណ៍អំពីបញ្ហានេះថា ប្រទេសចិនគ្រោងនឹងបញ្ជូនលោកអនុប្រធានាធិបតី ហាន ជឹង (Han Zheng) ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ជំនួសឱ្យការបញ្ជូនលោក វ៉ាង យី (Wang Yi) ក្នុងដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាន់តែទូលំទូលាយ ដូចដែលបានផ្តល់សញ្ញាពីមុន។
ការជួបជុំប្រចាំឆ្នាំរបស់បណ្ដាមេដឹកនាំពិភពលោកនោះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) បានសម្តែងការខកចិត្តដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង មិនបានចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបានបន្ថែមថា លោកនឹងទៅជួបលោក ស៊ី ។
លោក Blinken បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីខែមិថុនា ជាទីដែលលោកបានជួបជាមួយអ្នកកាន់តំណែងពីមុនរបស់លោក វ៉ាង គឺលោក ឈីន កាង (Qin Gang) នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ ទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំឆ្នាំ៕
