អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានដាក់សំណើកាលពីថ្ងៃចន្ទ (១១ កញ្ញា) ដើម្បីដកសិទ្ធិចៅក្រមសហព័ន្ធប្រចាំតំបន់របស់អាមេរិក លោកស្រី Tanya Chutkan ពីការធ្វើជាប្រធានលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលចោទប្រកាន់លោកពីបទព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ របស់ខ្លួន។
លោកត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បាននិយាយកាលពីខែមុនថា លោកមានគម្រោងស្វះស្វែងឲ្យមានការដកតំណែងរបស់លោកស្រី Chutkan ក៏ដូចជាការផ្លាស់ប្តូរទីតាំងកាត់ក្ដីសម្រាប់ករណីនេះផងដែរ។
លោកត្រាំ បានលើកឡើងនៅក្នុងឯកសារតុលាការ ដែលសេចក្តីថ្លែងការណ៍ពីមុនរបស់លោកស្រី Chutkan បានសំដៅទៅលើតួនាទីរបស់លោកក្នុងការជំរុញឲ្យមានការវាយប្រហារលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្ររបស់លោកបានចោទជាសំណួរអំពីភាពមិនលំអៀងរបស់លោកស្រីនៅក្នុងសំណុំរឿងនេះ។
មេធាវីរបស់លោកត្រាំ បានប្រកែកថា ការអត្ថាធិប្បាយដែលលោកស្រី Chutkan បានធ្វើនៅក្នុងសវនាការកាត់ទោសឆ្នាំ២០២២ លើចុងចោទករណីកុប្បកម្មនៅវិមានកាពីតូល ដោយលោកស្រី បានស្នើថាកុបកម្មនោះត្រូវបានជំរុញដោយ «ភាពស្មោះត្រង់ដោយងងឹតងងុលចំពោះមនុស្សម្នាក់ ដែលនៅមានសេរីភាពរហូតមកដល់សព្វថ្ងៃនេះ» បានបង្ហាញថា ចៅក្រមរូបនោះ ជឿថាលោកត្រាំ «គួរតែត្រូវបានកាត់ទោស និងដាក់ពន្ធនាគារ»។
កាលពីថ្ងៃចន្ទ (១១ កញ្ញា) លោកត្រាំ ក៏បានព្យាយាមច្រានចោលការចោទប្រកាន់ចំនួនប្រាំពីរករណី ដែលលោកប្រឈមមុខនៅក្នុងសំណុំរឿងបោះឆ្នោតនៅរដ្ឋ Georgia ដាច់ដោយឡែក ដោយលើកហេតុផលថា លោកមានអភ័យឯកសិទ្ធិពីការកាត់ទោសចំពោះសកម្មភាព ដែលលោកបានធ្វើនៅក្នុងសមត្ថភាពផ្លូវការរបស់ខ្លួនជាប្រធានាធិបតី៕

