កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) តាមរថភ្លើងឯកជនរបស់ខ្លួន ដែលអមដោយក្រុមមន្ត្រីឧស្សាហកម្មអាវុធជានខ្ពស់ និងក្រុមមន្ត្រីយោធា ព្រមទាំងរដ្ឋមន្ត្រីការបរទេសផងដែរ។
ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារនេះ ដោយសំអាងដល់ប្រភពផ្លូវការរបស់រុស្ស៊ីដែលមិនបញ្ចេញឈ្មោះថា រថភ្លើងដឹកលោកគីម បានទៅដល់ស្ថានីយ៍ខាសាន (Khasan) ដែលជាច្រកផ្លូវដែកសំខាន់ទៅកាន់ចុងបូព៌ារបស់រុស្ស៊ីពីកូរ៉េខាងជើង។
លោកពូទីន ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) នៅថ្ងៃអង្គារនេះ ជាទីដែលលោកត្រូវបានគ្រោងនឹងចូលរួមសម័យប្រជុំសំខាន់នៃវេទិកាសេដ្ឋកិច្ចបូព៌ាដែលដំណើរការរហូតដល់ថ្ងៃពុធ (១៣ កញ្ញា) ស្អែកនេះ។
កិច្ចប្រជុំរបស់លោកពូទីន ជាមួយលោក គីម ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅខាងក្រៅវេទិកានោះ ទោះបីជាមិនទាន់មានការបញ្ជាក់អំពីទីតាំង ឬថាតើលោក គីម នឹងចូលរួមក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចបូព៌ា នោះក៏ដោយ៕

