អាហ្សង់ទីន៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសអាហ្សង់ទីន បានកើនឡើងចំនួន១១,៨% នៅក្នុងខែសីហា ដែលនោះនឹងក្លាយជាតួលេខប្រចាំខែខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩១មក នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ ពីក្រុមអ្នកវិភាគកាលពីថ្ងៃចន្ទ (១១ កញ្ញា) បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណប្រាក់ប៉េសូក្នុងស្រុកកាលពីខែមុន។
រដ្ឋាភិបាលរបស់ប្រទេសនេះ បានបន្ថយតំលៃរូបិយប័ណ្ណរបស់ខ្លួនជិត២០% កាលពីពាក់កណ្តាលខែសីហា បន្ទាប់ពីអ្នកនយោបាយសេរីនិយម លោក Javier Milei ដែលចង់កាត់ផ្តាច់ធនាគារកណ្តាល និងធ្វើឱ្យប្រាក់ដុល្លារក្លាយជារូបិយប័ណ្ណគោលរបស់សេដ្ឋកិច្ច បានឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលដោយសម្លេងចំនួន៣០% នៅក្នុងការបោះឆ្នោតបឋមបើកចំហរបស់ប្រទេសនេះ។
អាហ្សង់ទីនកំពុងប្រយុទ្ធនឹងអតិផរណាប្រចាំឆ្នាំរបស់ខ្លួនមានកម្រិតជិត១១៥% ដែលកំពុងជំរុញឱ្យមានវិបត្តិជីវភាពរស់នៅដ៏ឈឺចាប់ និងរុញប្រជាជនឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ។ វិបត្តិនេះក៏កំពុងធ្វើឲ្យកក្រើកឆាកនយោបាយមុនការបោះឆ្នោតសកលនៅប្រទេសអាហ្សង់ទីន ក្នុងខែតុលាខាងមុខនេះផងដែរ៕

