ភ្នំពេញ៖ ក្រុមហ៊ុន Danong Aricultural Development Group របស់ប្រទេសចិន បានចុះកិច្ចព្រមព្រៀង (MOU) ជាមួយក្រុមហ៊ុន និងដៃគូពាក់ព័ន្ធនានារបស់កម្ពុជា ដើម្បីធ្វើការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម នៅក្នុងខេត្តចំនួន២ គឺខេត្តកំពត និងខេត្តកំពង់ធំ ។
នៅក្នុងពិធីចុះហត្ថលេខាលើគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា នេះ លោក សៅ ស៊ូជី ប្រធានក្រុមហ៊ុនដាណុង ឌីវេឡុបមែន គ្រុប បានលើកឡើងថា សម្រាប់គម្រោងកសិ-ឧស្សាហកម្មបែបពាណិជ្ជកម្មទំនើបនេះ គឺដំណាក់កាលទី១ នៃគម្រោងនេះ នឹងបង្កើតជាតំបន់គំរូមួយ នៅលើផ្ទៃដីប្រហែលជាង១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេ អ៊ីនខ្ពស់ មានការចិញ្ចឹមគោយកសាច់ រួមទាំងការសាងសង់រោងចក្រកែច្នៃ សម្រាប់ផលិតផលកសិកម្ម ។
លោកបន្តថា សម្រាប់ទីផ្សារធំ នៃផលិតផល ដែលផលិតបាន គឺនៅប្រទេសចិន ខណៈនៅទីនោះ កំពុងមានតម្រូវការស្បៀងច្រើន ហើយការវិនិយោគនេះ ក៏នឹងបានជួយផងដែរដល់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានប្រាក់ចំណូលពីគម្រោងនេះ ដែលគម្រោងទាំងអស់នេះ អាចនឹងបានអនុវត្តឆាប់រហ័ស ទៅតាមការកិច្ចសហការបន្ថែមពីរាជរដ្ឋាភិបាល និងដៃគូផ្សេងៗនៅកម្ពុជា ។
ឯកឧត្តម ដួង ដារ៉ា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ការនិយោគលើវិស័យកសិកម្ម របស់ក្រុមហ៊ុន Danong នេះ បានបង្ហាញពីការយកចិត្តទុកដាក់ជួយជំរុញការរីកចម្រើន របស់កសិករ នៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម បានបន្តថា ការវិនិយោគនេះ ជាតម្រូវការចាំបាច់ផងដែររបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្មឲ្យមានភាពទូលំទូលាយ ដើម្បីកាត់បន្ថយភាពក្រីក្រ ជួយកសិករឲ្យមានការងារធ្វើ មានចំណូលខ្ពស់ នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន នឹងទៅជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីធ្វើការចុះបញ្ជីវិនិយោគ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Danong Development Group គ្រោងបោះទុន ប្រមាណ១២,៧ពាន់ ដុល្លារ ធ្វើការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មបែបទំនើប លើផ្ទៃដីចំនួន៧៥ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងខេត្តកំពត ៕ អត្ថបទ៖ បាន សុខរិទ្ធិ