ក្លិបបាល់ទាត់បារាំង Olympique Lyon បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Laurent Blanc ហើយក្រោយក្រុមធ្លាក់ដុនដាបដល់បាតតារាងនៃក្របខណ្ឌលីគកំពូលបារាំង Ligue1។

Lyon ចុងក្រោយបំផុតចាញ់អតីតក្លិបដែលលោក Blanc ធ្លាប់ដឹកនាំ Paris Saint Germain ៤-១ ក្នុងទឹកដីខ្លួនឯង គឺជាការប្រកួតចុងក្រោយរបស់លោក Blanc ខណៈក្លិបបានប្រកាសពីការចែកផ្លូវនៅថ្ងៃចន្ទម្សិលមិញ។
ផ្តើមរដូវកាលបាន ៤ ប្រកួត Lyon មានត្រឹម ១ ពិន្ទុប៉ុណ្ណោះ និងរបូតគ្រាប់បាល់ច្រើនជាងគេក្នុងក្របខណ្ឌ។

នាយកបច្ចេកទេសលោក Jean-Francois Vulliez នឹងឡើងមកកាន់ការបណ្តោះអាសន្នទំរាំក្លិបរកបានអ្នកចាត់ការថ្មី។
រំលឹកថាបុរសវ័យ ៥៧ ឆ្នាំ Laurent Blanc ត្រូវបានតែងតាំងឱ្យដឹកនាំ Lyon កាលពីខែតុលាឆ្នាំ ២០២២ កន្លងទៅ និងបានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៧ ខកខានមិនបានប្រកួតក្របខណ្ឌអឺរ៉ុបរដូវកាលនេះឡើយ។
អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United រូបនេះធ្លាប់ដឹកនាំ Paris Saint Germain និងបានចាកចេញនៅឆ្នាំ ២០១៦ មុនទទួលបានការងារដឹកនាំក្លិបកាតា Al Rayyan៕ អត្ថបទ៖នាង សុភាវុធ
