ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ បានបង្ហាញផលប្រយោជន៍៥ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអង្គការ សហប្រជាជាតិលើកទី៧៨ ។
បណ្ឌិត គិន ភា បានប្រាប់BTV នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះថា ផលប្រយោជន៍ចំនួន៥នោះ រួមមាន៖ ទី១. វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ គឺតំណាងអធិបតេយ្យរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ក្នុងឋានៈកម្ពុជាជាសមាជិកនៅអង្គការសហប្រជាជាតិ ទី២. តាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏អាចមានឱកាសបង្ហាញទស្សនវិស័យ និងយុទ្ធសាស្រ្តផ្សេងៗ ក្នុងការរួមចំណែកដោះស្រាយបញ្ហាដែលមានសារសំខាន់ជាលក្ខណៈអន្តរជាតិ ទី៣. ការពារផលប្រយោជន៍ អធិបតេយ្យឯករាជ្យជាតិរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ទី៤. បង្ហាញពីនិមិត្តរូបនយោយដ៏សំខាន់ផុតពីប្រទេសកម្ពុជាក្នុងឋានៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបន្តវេនប្រកបដោយសន្តិភាព សន្តិវិធី សម្រាប់ក្រសែភ្នែកអន្តរជាតិ និងទី៥. ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មការទូត នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះតាមរយៈវេទិការនេះសម្តេចធិបតី នឹងមានជំនួបទ្វេភាគី ពហុភាគី និងអង្គការអន្តរជាតិផ្សេងៗទៀតជាដើម ។
តាមការគ្រោងទុកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជានាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី៧៨ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញានេះ ៕អត្ថបទ៖ ទូច សោភ័ណ