ខ្សែបម្រើ Paul Pogba របស់ក្លឹប Juventus ត្រូវបានផ្អាកពីការប្រកួតជាបណ្ដោះអាសន្ន ក្រោយធ្វើតេស្តរកឃើញសារធាតុហាមឃាត់ក្នុងខ្លួន។
ភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិរបស់អ៊ីតាលី (Nado) បាននិយាយថា Pogba ត្រូវបានធ្វើតេស្ត និងរកឃើញជាមួយនឹងកម្រិតអ័រម៉ូន Testosterone បន្ទាប់ពី Juventus ឈ្នះ ៣-០ នៅទឹកដី Udinese កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ។

កីឡាករវ័យ ៣០ ឆ្នាំ គឺជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ឡើយ ប៉ុន្តែត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ក្រោយការប្រកួត។
ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទប្រើប្រាស់សារធាតុហាមឃាត់មែននោះ អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United រូបនេះអាចប្រឈមមុខនឹងការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ពី ២ ទៅ ៤ ឆ្នាំ។

អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនកំលាំង និង ការស៊ូទ្រាំរបស់អត្តពលិក ខណៈ Pogba មានពេល ៣ ថ្ងៃដើម្បីធ្វើតេស្តឡើងវិញដើម្បីវិភាគបកស្រាយលទ្ធផលទៅកាន់ Nado វិញ។
រំលឹកថា Paul Pogba បានត្រលប់មកកាន់ Juventus វិញកាលពីខែកក្កដាឆ្នាំ ២០២២ ជាមួយនឹងកិច្ចសន្យា ៤ ឆ្នាំក្រោយចាកចេញពី Manchester United។
តែការវិលវិញរបស់ Pogba មកកាន់ទីក្រុង Turin ត្រូវបានញាំញីដោយសាររបួសភ្លាមៗ និងឈានដល់អវត្តមានពីក្រុមជម្រើសជាតិបារាំងនៅ World Cup 2022 នៅឆ្នាំកាតាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ
