ប្រធានកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales បានប្រកាសផ្លូវការពីការលាលែងពីតំណែងហើយ បន្ទាប់ពីត្រូវបានថ្កោលទោសយ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះការថើបមាត់កីឡាការិនីអេស្ប៉ាញ Jennifer Hermoso អំឡុងពេលអបអរអេស្ប៉ាញឈ្នះជើងឯកបាល់ទាត់នារីពិភពលោក។
កីឡាការិនីវ័យ ៣៣ ឆ្នាំ Jennifer Hermoso បាននិយាយក្រោយពេលអេស្ប៉ាញឈ្នះអង់គ្លេស ១-០ លើកពានបាល់ទាត់នារីពិភពលោកនោះថា ការថើបនេះមិនមានការឯកភាពឡើយ ហើយសប្តាហ៍មុន Hermoso ក៏បានដាក់ពាក្យបណ្តឹងផ្លូវការផងដែរ។
លោក Luis Rubiales បានដាក់ពាក្យលាលែងពីតំណែងទៅកាន់ប្រធានស្តីទី Pedro Rocha ហើយបុរសវ័យ ៤៦ ឆ្នាំរូបនេះក៏បានលាលែងពីតំណែងអនុប្រធានប្រតិបត្តិ UEFA ផងដែរ។
រឿងរ៉ាវថើបមាត់របស់លោក Luis Rubiales លើកីឡាការិនីអេស្ប៉ាញ Jennifer Hermoso បានក្លាយជាប្រធានបទក្តៅ មិនចេះចប់ជិតមួយខែហើយ និងឈានដល់ការបញ្ចប់តំណែងគ្រូបង្វឹកក្រុមនារីអេស្ប៉ាញ Jorge Vilda ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

