ចិន៖ យោងតាមទីភ្នាក់ងារអវកាសចិន បានឲ្យដឹងថា យានអវកាសផ្ទុកទំនិញធានចូវ-៥ (Tianzhou 5) បានចាកចេញពីស្ថានីយអវកាសធានកុង (Tiangong) កាលពីរសៀលថ្ងៃច័ន្ទ (១១ កញ្ញា) ហើយគ្រោងនឹងត្រឡប់មកផែនដីវិញនៅថ្ងៃអង្គារ (១២ កញ្ញា) នេះ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងការចេញផ្សាយខ្លីមួយថា យានអវកាសរូបយន្តនេះបានចាកចេញពីស្ថានីយអវកាសធានកុង នៅម៉ោង៤:៤៦នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយនឹងត្រូវបានដឹកនាំដោយប្រព័ន្ធបញ្ជា ដើម្បីត្រឡប់មកផែនដីវិញនៅថ្ងៃស្អែកនេះ។
ទីភ្នាក់ងារនេះបានលើកឡើងថា ក្នុងអំឡុងពេលនៃការវិលត្រលប់មកបរិយាកាសវិញ ផ្នែកភាគច្រើននៃយានអវកាសនឹងឆេះ ហើយកម្ទេចកម្ទីមួយចំនួនតូចត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងតំបន់សុវត្ថិភាពក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
យាននោះ គឺជាយានផ្ទុកទំនិញទីបួន ដែលបានភ្ជាប់ជាមួយស្ថានីយអវកាសធានកុង ដោយឥឡូវនេះត្រូវបានគ្រប់គ្រងដោយអវកាសយានិកបីនាក់នៅក្នុងបេសកកម្មស៊ិនចូវ លើកទី១៦។
យានធានចូវ-៥ នេះ បានបាញ់បង្ហោះកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំមុន ពីមជ្ឈមណ្ឌលបង្ហោះយានអវកាស វ៉ិនចាង (Wenchang) ក្នុងខេត្តហៃណាន (Hainan) ហើយបានចូលចតនៅស្ថានីយអវកាសធានកុង នៅថ្ងៃដដែលនោះ។ យាននេះ មានភារកិច្ចក្នុងការចាក់សាំងស្ថានីយអវកាស និងនាំយកសម្ភារៈចាំបាច់សម្រាប់ការរស់នៅ និងការងាររបស់អវកាសយានិកផងដែរ៕

