ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យអប់រំណែនាំដល់ក្មេងៗ ដែលមានការប្រមូលផ្ដុំគ្នាអង្គុយតាមសួន នាពេលយប់ ដើម្បីធ្វើការអប់រំណែនាំមិនឲ្យមានការប្រមូលផ្ដុំ ដើម្បីបង្ការទប់ស្កាត់ អំពើហិង្សា និងបទល្មើសផ្សេងៗ។
ប្រតិបត្តិការចុះអប់រំណែនាំនេះ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក ចាប ឌីណា អភិបាលរងខណ្ឌទទួលបន្ទុកបរិស្ថានអនាម័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំដល់ក្មេងៗ ដែលមានការប្រមូលផ្តុំ និងអង្គុយលេងតាមសួន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដល់យប់ជ្រៅមិនឲ្យមានការប្រមូលផ្ដុំនោះឡើយ។
លោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងចម្រុះថ្នាក់ខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាលនៅតាមតំបន់បឹងកក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតឡើង និងសូមឱ្យបងប្អូនដែលមកហូបអាហារនៅតាមចិញ្ចើមផ្លូវក្បែរសួនច្បារ ត្រូវធ្វើការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងយកទៅបោះចោលនៅក្នុងធុងសំរាម ដើម្បីធានាឱ្យបាននូវសោភ័ណភាពស្រស់ស្អាត នៃខណ្ឌដូនពេញ បេះដូងរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភះ






