អាមេរិក ៖ សំឡេងកណ្តឹង បានរោរិ៍ឡើង នៅចំណុចចាប់ផ្ដើម ហើយពិធីគោរពដ៏ឧឡារិក បានធ្វើឡើងនៅពាសពេញសហរដ្ឋអាមេរិក ខណៈដែលពលរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី១១ ខែកញ្ញា) បានរំលឹកដល់អតីតកាល ចំពោះភាពភ័យរន្ធត់ និងកេរ្តិ៍ដំណែលនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១។ មនុស្សម្នាបានមកប្រមូលផ្តុំគ្នា នៅកន្លែងពិធីគោរពវិញ្ញាណក្ខន្ធ ស្ថានីយពន្លត់អគ្គិភ័យ សាលាក្រុង បរិវេណសាលារៀន និងកន្លែងផ្សេងទៀត ដើម្បីប្រារព្ធខួបលើកទី២២ នៃការវាយប្រហារភេរវកម្មដ៏សាហាវបំផុត នៅលើដែនដីរបស់សហរដ្ឋអាមេរិក។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមសកម្មប្រយុទ្ធអាល់កៃដា បានប្លន់យន្តហោះចំនួន ៤គ្រឿង និងបានធ្វើការវាយប្រហារអត្តឃាតលើគោលដៅនានា នៅសហរដ្ឋអាមេរិក ដោយយន្តហោះ ២គ្រឿង បានហោះបំបុកចូលអាគារភ្លោះរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក យន្តហោះទី៣ បានហោះបុកមន្ទីរបញ្ចកោណ និងយន្តហោះទី៤ បានធ្លាក់នៅវាលស្រែមួយ ក្នុងតំបន់ Shanksville។ ការវាយប្រហារភេរវកម្មនោះ បានឆក់យកជីវិតមនុស្សជិត ៣.០០០នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចូលរួមក្នុងពិធីរំលឹកនេះ នៅឯមូលដ្ឋានយោធា ក្នុងទីក្រុង Anchorage រដ្ឋ Alaska។ ចំណែកស្ត្រីទី១ លោកស្រី Jill Biden ដាក់កម្រងផ្កា ក្នុងពិធីរំលឹកខួប នៅឯមន្ទីរបញ្ចកោណ។
ក្នុងខណៈដែលមនុស្សម្នាទាំងឡាយ ប្រារព្ធពិធីរំលឹកដល់អ្នកដែលបានស្លាប់ នៅក្នុងការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អ្នកជំនាញនានា និយាយថា សហរដ្ឋអាមេរិកត្រូវតែគិតគូរអំពីមូលហេតុ ដែលនាំឲ្យមានអំពើភេរវកម្ម។
ក្នុងចំណោមអ្នកវិភាគទាំងនោះ អ្នកវិភាគនយោបាយអាហ្វហ្គានីស្ថាន លោក Sayed Qaribullah Sadat បានប្រាប់សារព័ត៌មាន China Media Group ក្នុងបទសម្ភាសន៍ថ្មីៗនេះថា៖ «សង្រ្គាមអាមេរិករយៈពេល ២០ឆ្នាំ នៅអាហ្វហ្គានីស្ថាន គឺជាការបង្កកំហុសទាំងស្រុង ហើយបាននាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន ក្នុងតំបន់។ វត្តមានយោធារយៈពេល ២ទសវត្សរ៍ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបញ្ចប់ដោយការដកចេញយ៉ាងប្រញាប់ប្រញាល់ បានបន្សល់ទុកនូវភាពចលាចលដ៏អាក្រក់ ជម្លោះ និងការបែកបាក់គ្រួសារ ក្នុងប្រទេសនេះ»៕

