
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការរកឃើញមនុស្ស ១០នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីឆ្លងថ្មីចំនួន ៣នាក់ ត្រូវបានរកឃើញលើពលរដ្ឋ ៣នាក់ ដែលបានធ្វើដំណើរវិលត្រឡប់ទៅពីរាជធានីភ្នំពេញ ហើយមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចំណែកឯករណីឆ្លងថ្មី ៧នាក់ទៀត រដ្ឋបាលខេត្តនេះបញ្ជាក់ថា ត្រូវបានរកឃើញលើពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
រដ្ឋបាលខេត្តបាត់ដំបងក៏បានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺ ២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
គិតត្រឹមថ្ងៃនេះ ខេត្តបាត់ដំបងរកឃើញមនុស្សសរុប ១៨៨នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះអ្នកជំងឺ ២នាក់បានស្លាប់ ហើយអ្នកជំងឺ ៧០នាក់ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ ១១៤នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕