
កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្វាគមន៍រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock មកកាន់ទីក្រុងគីវ ដោយលោកបានបង្ហាញការដឹងគុណចំពោះជំនួយយោធា និងហិរញ្ញវត្ថុ ដែលបានផ្តល់ជូនដោយប្រទេសអាល្លឺម៉ង់ ។
អំឡុងដំណើរទស្សនកិច្ចលើកទី ៤មកកាន់អ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីកាលពីរយៈពេល ១៨ខែមុន លោកស្រី Baerbock និយាយថា អាល្លឺម៉ង់នឹងផ្តល់ជំនួយមនុស្សធម៌ ២០លានអឺរ៉ូ(ស្មើនឹង ២១,៤៤លានដុល្លារ)បន្ថែមទៀតដល់អ៊ុយក្រែន ធ្វើឲ្យជំនួយរបស់ទីក្រុងប៊ែរឡាំងដល់ទីក្រុងគីវ នៅក្នុងឆ្នាំនេះ កើនឡើងដល់ ៣៨០លានអឺរ៉ូ ។
នៅក្នុងជំនួបជាមួយលោក Zelenskiy និងក្រុមមេដឹកនាំអ៊ុយក្រែនផ្សេងទៀត លោកស្រី បានអំពាវនាវផងដែរដល់ប្រទេសដៃគូលោកខាងលិចផ្សេងទៀត ផ្តល់អាវុធបន្ថែមទៀតដល់ទីក្រុងគីវ ដែលរួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីធ្វើសង្រ្គាមជាមួយកងកម្លាំងរុស្ស៊ី។
គួរឲ្យដឹងថា លោកស្រី Baerbock បានធ្វើដំណើរមកដល់ប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ ហើយលោកស្រីបានបញ្ជាក់ឡើងវិញ ពីគោលជំហររបស់អាល្លឺម៉ង់ថា ប្រទេសរបស់លោកស្រី នឹងបន្តគាំទ្រអ៊ុយក្រែន ដរាបណាដែលពួកគេត្រូវការ។
ខណៈពេលនោះដែរ រដ្ឋាភិបាលអ៊ុយក្រែន បានអំពាវនាវឲ្យមានការចែកចាយផងដែរមីស៊ីលតម្រង់គោលដៅ Taurus របស់អាល្លឺម៉ង់ ដែលមានរយៈចម្ងាយរហូតដល់ ៥០០គ.ម។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅមានការស្ទាក់ស្ទើរ ដោយលោកលើកឡើងថា អ៊ុយក្រែន អាចនឹងប្រើប្រាស់វាដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី៕