
ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ឲ្យដឹង កាលពីថ្ងៃចន្ទ (ទី១១ ខែកញ្ញា) ថា កងកម្លាំងរបស់ខ្លួន បានវាយទប់នឹងការវាយប្រហារជាច្រើនពីកងទ័ពអ៊ុយក្រែន ក្នុងទិសដៅផ្សេងៗគ្នា ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការវាយប្រហារជាច្រើនលើទីតាំងរបស់រុស្ស៊ី និងដណ្តើមបានការគ្រប់គ្រងទីតាំងយុទ្ធសាស្ត្រមួយចំនួនឡើងវិញ។ នេះបើយោងតាមការផ្ដល់ព័ត៌មានខ្លីៗផ្លូវការរបស់ប្រទេសទាំងពីរ។
ក្នុងរបាយការណ៍សមរភូមិ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពរបស់ខ្លួន បានវាយទប់នឹងការវាយប្រហាររបស់អ៊ុយក្រែន ក្នុងទិសដៅជាច្រើននៃតំបន់ Donetsk, Zaporizhzhia និង Krasny Liman ក្នុងចំណោមតំបន់ផ្សេងៗទៀត ដោយបានកម្ទេចគោលដៅជាច្រើនរបស់អ៊ុយក្រែន ក្នុងរួមនោះទាំងប្រព័ន្ធមីស៊ីលល្បឿនលឿន ឃ្លាំងរំសេវ ហើយនិងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងយានដ្រូនផងដែរ។
ក្រសួងការពារជាតិ ក៏បានបន្តែមទៀតផងដែរថា កងកម្លាំងរុស្ស៊ី បានស្ទាក់ចាប់យានដ្រូន និងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ដែលបាញ់ដោយប្រព័ន្ធបាញ់រ៉ុក្កែតសមត្ថភាពខ្ពស់ (HIMARS) ។
ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍សង្រ្គាម ដោយនិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងបុគ្គលិក និងឧបករណ៍របស់រុស្ស៊ី ខណៈដែលការប្រយុទ្ធ នៅតែបន្តនៅតំបន់ Avdiivka, Maryinka និង Melitopol។ ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានបញ្ជាក់ផងដែរថា កងទ័ពអ៊ុយក្រែន បានគ្រប់គ្រងបានវិញនូវទីតាំងរចនាសម្ព័ន្ធខួងយកប្រេង និងឧស្ម័ន នៅសមុទ្រខ្មៅ៕